ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នេះក្នុងហ្វេសបុកផេករបស់ សម្ដេចតេជោ ហ៊ុន សែន បានសរសេររំលឹកនូវអនុស្សាវរីយ៍ក៏ដូចជាប្រវត្តិសាស្ត្រមួយចំនួនដើម្បីបង្កើតបានជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ បើទោះបីជាបង្កើតបាននូវកិច្ចព្រមព្រៀងសន្តិភាពក៏ដោយក៏កម្ពុជានៅតែមិនទាន់អាចរកសន្តិភាពបាននោះទេរហូតដល់ឆ្នាំ១៩៩៨។
ក្នុងហ្វេសបុកផេករបស់សម្ដេចតេជោបានសរសេរថា៖ «ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសំបូរសប្បាយរហូតមកដល់សព្វថ្ងៃ» ។
កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសត្រូវបានបង្កើតឡើងដើម្បីបញ្ចប់សង្គ្រាមក្នុងប្រទេសកម្ពុជា នឹងអនុញ្ញាតឲ្យកងទ័ពអង្គការសហប្រជាជាតិចូលមកថែរក្សាសន្តិសុខ និងសន្តិភាពនៅក្នុងប្រទេស។ កិច្ចព្រមព្រៀងនេះមានប្រទេសជាហត្ថលេខីចំនួន១៨ ក្នុងនោះក៏មានប្រទេសមហាអំណាចទាំង៥ផងដែរ។
អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថាអ៊ុនតាក់ បានចូលមកគ្រប់គ្រងនិងថែរក្សាសន្តិភាពនៅកម្ពុជាពីឆ្នាំ១៩៩២ ដល់១៩៩៣ តែរដ្ឋាភិបាលអង្គការសហប្រជាជាតិនេះនៅតែមិនអាចបញ្ចប់នូវសង្គ្រាមស៉ីវិលកម្ពុជាបាននោះទេទោះបីជាចំណាយថវិកាអង្គការសហប្រជាជាតិអស់ជាង ២ពាន់លានដុល្លារក៏ដោយ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាលោកបណ្ឌិត គិន ភា មានប្រសាសន៍ថាគោលបំណងនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺជាមូលដ្ឋានសន្តិភាពនៅកម្ពុជា តែវាមិនអាចធ្វើឲ្យមានសន្តិភាពទេប្រសិនគ្មានឆន្ទៈអ្នកនយោបាយក្នុងការដោះស្រាយនោះ។
លោកថា៖ «យើងទទួលស្គាល់ថាកិច្ចព្រមព្រៀងក្រុងប៉ារីសប្រៀបបានដូចជាការចាក់គ្រឹះផ្លូវមួយ ដើម្បីយើងបន្តចាក់បេតុងឱ្យកាន់តែរឹងមាំបន្តទៀត។ កិច្ចព្រមព្រៀងនេះជាមូលដ្ឋាន យើងមិនអាចទាត់ចោលមូលដ្ឋាននេះបានទេ បើសិនជាគ្មានមូលដ្ឋាននេះអ្វីៗបន្តទៀតក៏យើងគ្មានដែរ។ តែបើមានតែមូលដ្ឋានហ្នឹងហើយគ្មានឆន្ទៈនយោបាយនៃអ្នកដឹងនាំទេក៏មិនអាចមានសន្ដិភាពស្ថិរភាពដូចបច្ចុប្បន្ននេះដែរ» ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដើម្បីបញ្ចប់នូវចលនាចុងក្រោយរបស់ខ្មែរក្រហមនៅឆ្នាំ១៩៩៦។ គោលនយោបាយនេះបានទទួលជោគជ័យទាំងស្រុងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៨ ដែលបង្កើតឲ្យមានការរួបរួមគ្នានៃជនជាតិខ្មែរឡើងវិញបន្ទាប់ពីបែកបាក់ជាតិអស់ជាង៥០០ឆ្នាំ៕