
ខេត្តបន្ទាយមានជ័យ តម្រូវឱ្យបង្ហាញកាតចាក់វ៉ាក់សាំងរាល់ការចេញ-ចូលទីតាំងអាជីវកម្មនានាក្នុងភូមិសាស្ត្រខេត្ត
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យតម្រូវឱ្យមានការបង្ហាញបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ការចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ រោងចក្រ សហគ្រាស រមណីយដ្ឋាន និងទីតាំងអាជីវកម្មនានា ក្នុងភូមិសាស្ត្រខេត្ត។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ នេះរដ្ឋបាលខេត្តបន្ទាយមានជ័យបានណែនាំទៅដល់ម្ចាស់ទីតាំងខាងលើឲ្យដាក់បុគ្គលិកដើម្បីត្រួតពិនិត្យមើលប័ណ្ណចាក់វ៉ាក់សាំងឬលិខិតបញ្ជាក់ថាចាក់វ៉ាក់សាំងចំពោះអ្នកដែលបានចេញចូលទីតាំងអាជីវកម្មរបស់ខ្លួន លើកលែងតែកុមារអាយុ៦ឆ្នាំចុះ។
ក្នុងករណីអ្នកចេញចូលណាម្នាក់មិនព្រមសហការបង្ហាញបណ្ណចាក់វាក់សាំង ដាច់ខាតមិនត្រូវអនុញ្ញាតឱ្យចូលក្នុងទីតាំង ឬទីកន្លែងរបស់ខ្លួនឡើយនិងត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដែលនៅក្បែរនោះជាបន្ទាន់។
រដ្ឋបាលខេត្តក៏ព្រមានដកហូតអាជ្ញាប័ណ្ណឬលិខិតអនុញ្ញាតនិងអាចឈានរហូតដល់បិទទីតាំងព្រមទាំងចាត់វិធានការផ្លូវច្បាប់ផងដែរ។ប្រសិនជាម្ចាស់អាជីវកម្មខាងលើមិនអនុវត្តតាមការណែនាំនេះផងដែរ៕