ភ្នំពេញ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១ កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook ប្រកាសថានឹងធ្វើការប្ដូរឈ្មោះថ្មីរបស់បណ្ដាញទំនាក់ទំនងសង្គមនេះនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។ Facebook ជាបណ្ដាញសង្គមមួយដែលទទួលបានការពេញនិយមពីសំណាក់ប្រជាពលរដ្ឋកម្ពុជាផងដែរ EAC News បានសម្ភាសន៍យុវជនមួយចំនួនតាមដងផ្លូវដើម្បីស្វែងរកគំនិតយោបល់ខ្លៗពីការផ្លាស់ប្តូរដ៏ធំនេះ។
យើងនៅមិនទាន់ដឹងទេថាតើលោក Mark Zuckerberg នឹងផ្តល់ឈ្មោះថ្មីអ្វីឱ្យ Facebook នោះទេ។
ក្រុមការងារ EAC News បានទៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដើម្បីសួរយោបល់និស្សិតអំពីការផ្លាស់ប្តូរឈ្មោះនេះ៖
សំណួរ៖ តើអ្នកយល់យ៉ាងណាចំពោះការផ្លាស់ឈ្មោះនេះ?
និស្សិត សេង ហាក់៖ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំគិតថាពួកគេចង់ធ្វើឱ្យក្រុមហ៊ុនប្រសើរឡើងវិញទៅតាមយុគសម័យថ្មី ដូច្នេះពួកគេត្រូវដំឡើងកម្មវិធីទៅរកអ្វីដែលថ្មីទៅតាមសម័យកាល»។
និស្សិត លឹម តូនី៖ «ហ្វេសប៊ុកមានកម្មវិធីជាច្រើនដែលសហការក្រោមដំបូលតែមួយដូចជា Instagram, WhatsApp និងMessenger ដូច្នេះហ្វេសប៊ុកតែឯងមិនអាចឈរតែឯងបានទេ មូលហេតុនេះហើយទើប Facebook ធ្វើការផ្លាស់ប្តូរឈ្មោះដើម្បីនាំកម្មវិធីទាំងអស់នោះឱ្យស្ថិតនៅក្រោមក្រុមហ៊ុនតែមួយ»។
និស្សិត ព្រហ្ម វិចិត្រ៖ «ខ្ញុំគិតថា Facebook កំពុងព្យាយាមស្វែងរកអ្វីដែលថ្មី ទំនើប និងមានភាពច្នៃប្រឌិតខ្ពស់ ដូចជាកម្មវិធីផ្សេងទៀតដើម្បីធ្វើការប្រកួតប្រជែងទីផ្សារ។ យើងបានឃើញរួចមកហើយនូវបញ្ហាគាំងជាច្រើនដែលកើតឡើងភ្លាមៗនៅលើ Instagram, Facebook និង Messenger ដូច្នេះខ្ញុំគិតថាវាដល់ពេលហើយដែល Facebook ត្រូវជួសជុលឡើងវិញ ហើយគួរតែផ្លាស់ប្តូរឈ្មោះរបស់វា ក៏ដូចជាកម្មវិធីនិងចំណុចប្រទាក់មួយចំនួនផងដែរ»។
សំណួរ៖ តើ Facebook គួរប្ដូរទៅឈ្មោះអ្វីដែរ?
និស្សិត សេង ហាក់៖ «សម្រាប់ខ្ញុំពួកគេប្រហែលជាអាចដាក់ថា "MetaBook" ពីព្រោះ MetaBook មានន័យថាអ្វីដែលថ្មី Meta មានន័យថាការជួសជុល ដូច្នេះខ្ញុំគិតថាឈ្មោះនេះគឺល្អឥតខ្ចោះសម្រាប់ការដាក់ឈ្មោះថ្មី»។
និស្សិត លឹម តូនី៖ «សម្រាប់ទស្សនៈរបស់ខ្ញុំ ខ្ញុំគិតថាពាក្យ "Face" គួរតែនៅដដែល វាគួរតែជា "FaceNet" ពីព្រោះកម្មវិធី WhatsApp, Instagram និង Facebook នៅតែមានការថតរូប Selfie ឬរូបថតដែលអាចបង្ហោះបានដដែល ដូច្នេះឈ្មោះថ្មីគួរតែជា “FaceNet»។
និស្សិត ព្រហ្ម វិចិត្រ៖ «Socnet (s-o-c-n-e-t) ឈ្មោះនេះអាចលាយបញ្ចូលគ្នាជាមួយពាក្យថាសង្គម និងបណ្តាញ។ សង្គមសម្រាប់ធ្វើអន្តរកម្មដូចពីមុននិងបណ្តាញគឺការធ្វើឱ្យប្រសើរជាងមុន ដូចជាយើងដឹងហើយថាយើងមាន 5G សម្រាប់ប្រើប្រាស់រួចហើយ ប្រហែលជានាពេលអនាគតយើងនឹងអាចមាន 6G ឬ 7G ដូច្នេះហ្វេសប៊ុកអាចនឹងធ្វើឱ្យមានការប្រសើរឡើងបែបនេះដូចគ្នា»។
គួរបញ្ចាក់ផងដែរថាឈ្មោះថ្មីរបស់ Facebook ត្រូវបានគេរំពឹងថានឹងប្រកាសនៅក្នុងកម្មវិធីមួយនៅតំបន់ Silicon Valley ភាគខាងជើងទីក្រុងកាលីហ្វ័រញ៉ា នៅថ្ងៃព្រហស្បតិ៍ទី២៨ ខែតុលា នាពេលខាងមុខ។
Facebook ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ដែលនៅពេលនោះពិភពលោកមិនទាន់មានភាពទូលំទូលាយក្នុងការទទួលយកបទពិសោធន៍នៃការតភ្ជាប់សម្រាប់សាធារណជនទូទៅក្នុងវិស័យនយោបាយ សង្គម និងការផ្សាយពាណិជ្ជកម្មនោះទេ ប៉ុន្តែឥឡូវនេះមនុស្សជុំវិញពិភពលោកបានទទួលការយល់ដឹងតាមប្រព័ន្ធបណ្ដាញសង្គមនេះកាន់តែទូលំទូលាយនិងរហ័សជាងមុន។ លោក Mark Zuckerberg កំពុងរៀបចំគម្រោងដាក់ឈ្មោះថ្មីឱ្យក្រុមហ៊ុនរបស់គាត់ឡើងវិញដែលគាត់ហៅថា "metaverse" ដែលនឹងរួមបញ្ចូលប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតដូចជា WhatsApp និង Instagram ផងដែរ៕