ភ្នំពេញ៖ ប្រធានរាជបណ្ឌិតសភាកម្ពុជាបណ្ឌិត សុខ ទូច បានលើកឡើងថាកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ មានតម្លៃជាប្រត្តិសាស្ត្រតែវាបានអស់សពុលភាពហើយតាំងពីឆ្នាំ១៩៩៣។
បណ្ឌិត សុខ ទូច បានថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្ដីពីខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅព្រឹកនេះថា កិច្ចព្រមព្រៀងក្រុងប៉ារីសបានធ្វើឱ្យខ្មែរគ្រប់ភាគីចូលតុចចារ វិលចូលប្រទេសវិញ ជួយដល់ប្រជាជនឱ្យមានអាហារហូបចុក មានការរីកចំរើន និងបានផ្ដល់អំណាចដល់ពលរដ្ឋដើម្បីបង្កើតរដ្ឋាភិបាល។ លោកបន្ថែមថា កិច្ចព្រមព្រៀងនេះមានតម្លៃជាប្រវត្តិសាស្ត្រកម្ពុជាមួយទៀតគឺការចាប់ដៃគ្នារវាងសម្ដេចនរោត្តមសីហនុ និងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបង្ហាញដល់ខ្មែរគ្រប់ភាគីទាំងអស់នូវការរួបរួមជាតិឡើងវិញ។
លោកមានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀងក្រុងប៉ារីសមានតម្លៃជាប្រវត្តិសាស្ត្រតែបើយកមកអនុវត្តន៍អត់បានទេ» ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាលោកបណ្ឌិត គិន ភា មានប្រសាសន៍ថាប្រវត្តិនៃកិច្ចព្រមព្រៀងក្រុងប៉ារីសចាប់ផ្ដើមតាំងពីឆ្នាំ១៩៧៩ ពេលដែលសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តមសីហនុបង្កឱ្យមានសង្គ្រាមស៊ីវិលរហូតដល់ឆ្នាំ១៩៩១។ លោកបន្ថែមថាមុននឹងមានកិច្ចព្រមព្រៀងក្រុងប៉ារីសគឺផ្ដើមចេញពីឆ្នាំ១៩៨៧ នៅពេលមានជំនួប សម្ដេចនរោត្តម សីហនុ និងសម្ដេច ហ៊ុន សែន ជាដំបូងដែលជាសញ្ញានៃការវិលរកការចរចារគ្នារវាងខ្មែរនិងខ្មែរឡើងវិញ។
លោកបានចាត់ទុកកិច្ចព្រមព្រៀងនេះថាមិនត្រឹមតែជួយដល់កម្ពុជាឱ្យបញ្ជប់នៅការបង្ហូរឈាមគ្នានោះទេ ថែមទាំងធានានូវឯករាជ្យជាតិ ផ្ដល់សេរីភាពដល់ពលរដ្ឋ ព្យាបាលផ្លូវចិត្តប្រជាជន ធ្វើឱ្យកម្ពុជាមានប្រជាធិបតេយ្យ និងស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញផងដែរ ដោយលោកថាកិច្ចព្រមព្រៀងនេះនៅតែមានឥទ្ធិពលដល់កម្ពុជាបច្ចុប្បន្ន។
លោកថា៖ «យើងទទួលស្គាល់ថាកិច្ចព្រមព្រៀងក្រុងប៉ារីសប្រៀបបានដូចជាការចាក់គ្រឹះផ្លូវមួយ ដើម្បីយើងបន្តចាក់បេតុងឱ្យកាន់តែរឹងមាំបន្តទៀត។ កិច្ចព្រមព្រៀងនេះជាមូលដ្ឋាន យើងមិនអាចទាត់ចោលមូលដ្ឋាននេះបានទេ បើសិនជាគ្មានមូលដ្ឋាននេះអ្វីៗបន្តទៀតក៏យើងគ្មានដែរ។ តែបើមានតែមូលដ្ឋានហ្នឹងហើយគ្មានឆន្ទៈនយោបាយនៃអ្នកដឹងនាំទេក៏មិនអាចមានសន្ដិភាពស្ថិរភាពដូចបច្ចុប្បន្ននេះដែរ» ។
សន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បីបញ្ចប់សង្គ្រាមក្នុងប្រទេសកម្ពុជា នឹងអនុញ្ញាតឲ្យកងទ័ពអង្គការសហប្រជាជាតិចូលមកថែរក្សាសន្តិសុខ និងសន្តិភាពនៅក្នុងប្រទេស។ កិច្ចព្រមព្រៀងនេះមានប្រទេសជាហត្ថលេខីចំនួន១៩ ក្នុងនោះក៏មានប្រទេសមហាអំណាចទាំង៥ផងដែរ៕