ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំពីការដំណើរការសេដ្ឋកិច្ចនិងសង្គមឡើងវិញជាបណ្ដើរៗតាមបែបគន្លងថ្មីបន្ទាប់ពីប្រទេសបានធូរស្រាលពីជំងឺកូវីដ-១៩ ដោយឱ្យត្រៀមការបើកព្រំដែន និងជើងហោះហើរឡើងវិញ និងបន្ថូរវិធានការតឹងរឹងនៃការបិទទីតាំងអាជីវកម្ម។
ថ្លែងនៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពីដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ ថាបន្ទាប់ពីពិធីនេះចប់ស្ថានភាពនៃជំងឺកូវីដ-១៩គឺពុំមានការប្រែប្រួលទេ ដែលអាចធ្វើឱ្យរាជរដ្ឋាភិបាលសម្រេចចិត្តបើកសាលារៀន និងអាជីវកម្មនានាឡើងវិញបាន។ សម្ដេចថានៅពេលនេះល្មមដល់ពេលវេលាដែលកម្ពុជាត្រូវដោះស្រាយបញ្ហារយៈពេលវែងដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញហើយ។
ក្នុងកិច្ចប្រជុំនោះសម្តេចតេជោក៏បានលើកឡើងផងដែរថា៖ «បើយើងមិនបើកទេ! ការស្លាប់ដោយសារបញ្ហាសេដ្ឋកិច្ចគឺប្រហែលជាស្លាប់ពិបាកជាងស្លាប់ដោយកូវីដទៅទៀត។ តែឥឡូវនេះយើងបានឃើញស្ថានភាពថយចុះ(កូវីដ-១៩)នៅក្នុងប្រទេសរបស់យើង» ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យបញ្ឈប់វិធានការបិទរោងចក្រ សាលារៀន ផ្សារ ឬភូមិទាំងមូលដោយសារតែឃើញមានការឆ្លង១ឬ២ករណីនៅទីតាំងនោះតទៅទៀត។ សម្ដេចបានប្រាប់ថាបើមានករណីនេះកើតឡើងតម្រូវឱ្យអាជ្ញាធរយកតែអ្នកមានជំងឺទៅព្យាបាល និងឱ្យម្ចាស់ទីតាំងសម្អាតមេរោគក្នុងទីតាំងខ្លួនហើយបន្តអាជីវកម្មធម្មតា។ ចាប់ពីពេលនេះទៅរាជរដ្ឋាភិបាលនិងមិនចាប់ឱ្យពលរដ្ឋធ្វើតេស្តរកជំងឺកូវីដ-១៩ទៀតទេ ដោយស្នើឱ្យពលរដ្ឋម្ចាស់ការខ្លួនឯងក្នុងការតាមដានសុខភាព ហើយបើមានករណីសង្ស័យត្រូវទៅធ្វើតេស្តនៅតាមទីតាំងធ្វើតេស្តរបស់ក្រសួងសុខាភិបាល។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានប្រកាសពីការចាប់ផ្ដើមចុះសម្ពោធសមិទ្ធផលនានាឡើងវិញចាប់ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១តទៅ និងបានឱ្យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ត្រៀមបើកព្រំដែនឡើងវិញជាមួយប្រទេសថៃ ក៏ដូចជាបើកជើងហោះហើរជាមួយប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងភីលីពីនមកកម្ពុជាផងដែរ។
សម្ដេចតេជោ បានបញ្ជាក់ថា៖ «យើងអាចចាប់ផ្ដើមមានគោលការណ៍បដិការជាមួយហ្នឹងថៃ។ យើងទៅថៃគេមិនឱ្យធ្វើចត្តាឡីស័ក ហើយថៃមកយើងក៏មិនឱ្យធ្វើចត្តាឡីស័ក អញ្ចឹងអាចចាប់ផ្ដើមបើកការហោះហើរដោយថាប្រសិនជាទេសចរណ៍នៅថៃទទួល អាចមកដល់ថៃហើយមកកម្ពុជាក្នុងពេលដែលយើងមានគោលការណ៍រួចទៅហើយនូវវីសាមួយប្រើបានពីរប្រទេស។ អញ្ចឹងអាចថាទម្លាយអ្នកទេសចរថៃ អ្នកវិនិយោគថៃមកកាន់កម្ពុជាផង និងទេសចរពីប្រទេសដទៃចូលថៃអាចឆ្លងមកប្រទេសកម្ពុជា។ សូមពិចារណាមើលរឿងហ្នឹងដើម្បីចាប់យកឱកាសដែលយើងមាន» ។
កាលពីពេលថ្មីៗនេះក្រសួងទេសចរណ៍បានបញ្ចប់ការសរសេរផែនការយុទ្ធសាស្ត្រស្ដីពីការបើកទទួលទេសចរណ៍សុវត្ថិភាព(ទេសចរណ៍វ៉ាក់សាំង) និងកំពុងរង់ចាំការប្រជុំឆ្លងលើផែនការនេះពីអន្តរក្រសួង ខណៈវិធានការជាបន្តបន្ទាប់នៃការទទួលអ្នកវិនិយោគ និងអ្នកដំណើរបរទេសត្រូវបានរៀបចំរួចនឹងចេញឱ្យអនុវត្តន៍ជាបណ្ដើរៗផងដែរ។
ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ រដ្ឋាភិបាលបានកាត់បន្ថយថ្ងៃធ្វើចត្តាឡីស័កសម្រាប់អ្នកចូលមកកម្ពុជាពី១៤ថ្ងៃមក៣ថ្ងៃសម្រាប់អ្នកវិនិយោគ និងអ្នកបច្ចេកទេស និង៧ថ្ងៃសម្រាប់ពលរដ្ឋធម្មតាដែលចាក់វ៉ាក់សាំងគ្រប់ចំនួន ខណៈចាប់ពីខែក្រោយទៅគ្រប់សាលារៀនទាំងអស់ក៏ត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញផងដែរ៕