(ភ្នំពេញ)៖ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងផ្លូវការផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារគគីរ ស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ បន្ទាប់ពីអាចរីករាលដាលជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភអំពីករណីឆ្លងវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
រដ្ឋបាលខេត្តកណ្តាលបានបញ្ជាក់ថា ការជាបណ្តោះអាសន្នផ្សារគគីរ ស្រុកកៀនស្វាយ គឺចាប់គិតពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ រហូតដល់មានការជូនដំណឹងថ្មីដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរីក រាលដាលរុះសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជនដទៃទៀតក៏ដូចប្រជាពលរដ្ឋដែលចេញចូលផ្សារនេះ។
ក្នុងសេចក្តីជូនដំណឹងបានបន្ថែមថា ក្នុងអំឡុងពេលនៃការផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារគគីរនេះ រដ្ឋបាលខេត្តកណ្តាល ធានារ៉ាប់រងលើការងារសន្តិសុខ និងសុវត្ថិភាពចំពោះសម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទរបស់បងប្អូនអាជីវករ ដែលបានរក្សា ទុកក្នុងតូបនីមួយៗមិនឱ្យមានការបាត់បង់និងមិនតម្រូវឱ្យមានការបង់ថ្លៃសេវាទៅឱ្យភាគីពាក់ព័ន្ធណាមួយឡើយ។ ដោយឡែកចំពោះផលិតផលដែលអាចខូចគុណភាព ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត។ល។ សូមបងប្អូន អាជីវករមេត្តាទំនាក់ទំនងជាមួយគណៈកម្មការផ្សារ ដើម្បីយកទៅរក្សាទុកដោយខ្លួនឯង ចៀសវាងការខូចខាតជាយថាហេតុ៕