អឺរ៉ុប៖ ការប្រកួតទី៣ នៃពានលំដាប់ទី៣ UEFA Europa Conference League បានបញ្ចប់នៅយប់មិញនេះ ខណៈក្រុមជាច្រើនបានស្គាល់ជ័យជម្នះ ស្មើ និងចាញ់រៀងខ្លួន។ ប៉ុន្តែយ៉ាងណាមិញ មានការប្រកួតចំនួន ២ ដែលគេចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាងគេចំពោះលទ្ធផលគឺ Tottenham Hotspurs ចាញ់ក្រុមហូឡង់ Vitesse ខណៈ AS Roma ដែលដឹកនាំដោយលោក Jose Mourinho បរាជ័យដុនដាបទល់នឹងម្ចាស់ផ្ទះណ័រវេយ៍ Bodo / Glimt។
Tottenham Hotspurs បរាជ័យក្រោមថ្វីជើងក្រុមហូឡង់ដោយគ្រាប់បាល់មួយគ្រាប់គត់របស់កីឡាករអាល្លឺម៉ង់ Maxi Wittek នៅនាទីទី៧៧។ ជាមួយស្ថិតិគ្រប់គ្រងបាល់ប្រហាក់ប្រហែលគ្នា ប៉ុន្តែ Spurs មានឱកាសស៊ុតតិចមែនទែន ពោលគឺស៊ុតបាន ៦លើក និងចំគោលដៅតែម្តងប៉ុណ្ណោះ ខណៈក្រុមម្ចាស់ផ្ទះ Vitesse ស៊ុតបាន ១៥ដង និងចំគោលដៅ ៦ដង។
ទោះបីជាចាញ់ការប្រកួតនេះ លោក Nuno Espirito Santo ជាគ្រូបង្គោលនៅតែអះអាងថា Spurs នៅតែមានលទ្ធភាពអាចឆ្លងផុតឈានទៅកាន់វគ្គចាញ់ធ្លាក់បាន ខណៈសមាសភាពកីឡាករយប់មិញនេះ លោក Nuno បង្ខំចិត្តយកយុវជនមកពីក្រុម U23 មួយចំនួន ត្បិត Spurs មានកីឡាករជាប់ភារកិច្ចជម្រើសជាតិចំនួន ៩នាក់ឯណោះ។ ក្រោយបរាជ័យយប់មិញនេះ Spurs ឈរនៅលេខ ៣ ក្នុងពូល G មាន ៤ពិន្ទុ តាមពីក្រោយ Vitesse (មាន ៦ពិន្ទុ) និងក្រុមកំពូលតារាង Rennes (មាន ៧ពិន្ទុ) ខណៈក្លិប Mura មកពី Slovenia នៅមិនទាន់មានពិន្ទុរាប់នៅឡើយ។ ប្រកួតបន្ទាប់របស់ Spurs នឹងត្រូវបន្តធ្វើដំណើរទៅកាន់ទឹកដីកីឡដ្ឋាន London របស់ West Ham ក្នុងការប្រកួត Premier League សប្តាហ៍ទី៩ នៅរាត្រីថ្ងៃអាទិត្យនេះ។
ដោយឡែក ងាកមកចាប់អារម្មណ៍មួយគូទៀត ពោលគឺចចកអ៊ីតាលី AS Roma បានត្រឹមខកចិត្តធ្ងន់ធ្ងរនៅកីឡដ្ឋាន Aspmyra នាទឹកដី Norway ដោយចាញ់ម្ចាស់ផ្ទះធ្ងន់ធ្ងរ ៦-១។ បរាជ័យធ្ងន់ធ្ងរយប់មិញនេះ គឺជាកំណត់ត្រាអាក្រក់បំផុតទី២ របស់ Roma ពោលគឺក្នុងពានអឹរ៉ុប Roma ចាញ់ធ្ងន់ធ្ងរជាងនេះពេលជួប Manchester United នៅរដូវកាល ២០០៥/០៦ និងចាញ់ Bayern Munich នារដូវកាល ២០១៧/១៨ ក្នុងលទ្ធផល ៧-១ ដូចគ្នា។
សមាសភាពកីឡាករបានផ្លាស់ប្តូរមួយចំនួនពីការប្រកួតទល់នឹង Juventus ដោយរក្សាទុកកម្លាំងសំខាន់ៗមួយចំនួនបង្ហាញខ្លួនដដែលរួមមាន Carles Perez, Borja Mayoral និង Stephan El Shaarawy នៅតែស្ថិតក្នុងបញ្ជី ១១នាក់ដំបូងដដែល។ ៣គ្រាប់បានកើតឡើងក្នុងវគ្គទី១ ពោលគឺម្ចាស់ផ្ទះ Bodo បើកឆាកមុនដោយកីឡាករ Erik Bothiem នាទីទី៨ និងនាំមុខមួយគ្រាប់ទៀតដោយកីឡាករ Patrick Berg នាទីទី២០។ Roma តាមបានវិញមួយគ្រាប់ដូចគ្នា ពោលគឺពីគ្រាប់បាល់របស់ Carles Perez។ ចូលដល់វគ្គទី២ Bodo បានបន្ថែម ៤គ្រាប់ទៀតដោយកីឡាករ Erik Bothiem (នាទីទី៥១), Solbakken (នាទីទី៧០, ៧៩) និងមួយគ្រាប់ចុងក្រោយដោយ Pellegrino (នាទីទី៧៧)។
គួរបញ្ជាក់ថា នេះគឺជាលើកដំបូងបង្អស់ក្នុងអាជីពជាអ្នកចាត់ការរបស់លោក Jose Mourinho ដែលធ្លាយគ្រាប់បាល់ ៦គ្រាប់ក្នុងមួយប្រកួត ពោលគឺបទពិសោធន៍ដឹកនាំប្រមាណ ១,០០០ប្រកួតរបស់លោក បរាជ័យធ្ងន់ធ្ងរបំផុតគឺ ៥-០ ក្នុងការប្រកួត El Clasico កាលពីឆ្នាំ២០១០ គ្រាដែលលោកដឹកនាំ Real Madrid៕