លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

លោក កែវ រ៉េមី៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានធ្វើការជាច្រើនទាក់ទិន្ននឹងការការពារអនីតិជន

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី ថាស្ថាប័នរបស់លោកបានធ្វើកិច្ចការជាច្រើនដើម្បីជួយដល់អនីតិជនដែលត្រូវបានចោទប្រកាន់នៅតាមផ្លូវតុលាការ និងត្រូវបានដោះលែងឱ្យមានសេរីភាពវិញកាលពីថ្ងៃទី១៨ ខែតុលាកន្លងទៅ។ នេះបើតាមការសរសេរនៅលើហ្វេសបុករបស់លោកនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ។

លោកបានសរសេរថា៖ «គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជាបានធ្វើកិច្ចការជាច្រើនតាមផ្លូវច្បាប់ជាមួយតុលាការទាក់ទងការឃុំខ្លួនអនីតិជនហើយដែលត្រូវបានដោះលែងហើយនៅថ្ងៃទី១៨កន្លងមកនេះ។ សូមអរគុណដល់តុលាការ និង ពន្ធនាគារដែលតែងតែសហការល្អជាមួយខាងយើងខ្ញុំ» ។

ការសរសេររបស់លោក កែវ រ៉េមី គឺបន្ទាប់ពីសារព័ត៌មានមួយដែលមានមូលដ្ឋានក្រៅប្រទេសបានចេញអត្ថបទវាយប្រហារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថាពុំបានបម្រើប្រយោជន៍ប្រជាពលរដ្ឋ។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក ជិន ម៉ាលីន មានប្រសាសន៍ប្រាប់ EAC News ថាការលើកឡើងរបស់សារព័ត៌មានមួយនេះជារឿងមិនពិត និងពុំបានស្វែងយល់ពីនីតិវិធីនៃការជួយដល់ពលរដ្ឋដោយគណៈកម្មាធិការសិទ្ធិមនុស្សនោះទេ។ លោកបន្ថែមថា កន្លងមកគណៈកម្មាធិការបានចូលរួមជួយការពារជានិច្ចដល់សិទ្ធិពលរដ្ឋ ជាពិសេសសិទ្ធិកុមារ ដោយបានផ្ដល់មេធាវីនិងក្រុមការងារចុះស៊ើបអង្កេតដែលជាលទ្ធផលបានជួយដល់កុមារជាច្រើនឱ្យរួចផុតការនៅឃុំខ្លួនជាមួយម្ដាយ រួចផុតពីការផ្តន្ទាទោសតាមផ្លូវតុលាការ ក៏ដូចជាស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះពីការរំលោភបំពានផ្សេងៗផងដែរ។

លោកមានប្រសាសន៍ថា៖ «នេះជាឧទាហរណ៍មួយក្នុងចំណោមករណីជាច្រើនទៀតដែលគណៈកម្មាធិការសិទ្ធិមនុស្សបានធ្វើការការពារសិទ្ធិដល់ប្រជាពលរដ្ឋក៏ដូចជាការផ្ដល់ជំនួយផ្នែកច្បាប់ និងជំនួយផ្នែកមនុស្សធម៌កាលពីកន្លងមក» ។

នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូលោក អំ សំអាត ទទួលស្គាល់ថាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាពិតជាធ្វើការបានច្រើនក្នុងការជួយលើកតម្កើនដល់សិទ្ធិមនុស្សនៅក្នុងប្រទេស។ ទោះជាយ៉ាងណាលោកជំរុញដល់ស្ថាប័នជាតិមួយនេះឱ្យទទួលយកអនុសាសន៍ពីឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្សបន្ថែមដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចការពារសិទ្ធិមនុស្សកម្ពុជាថែមទៀត។

លោក អំ សំអាត លើកឡើងថា៖ «កាលពីឆ្នាំមុននេះការប្រជុំត្រួតពិនិត្យឡើងវិញនៃស្ថានភាពសិទ្ធិមនុស្សកម្ពុជាក្រុមប្រឹក្សាសិទ្ធិមនុស្សគេមានផ្ដល់អនុសាសន៍ជាង១០០ចំណុចដែលកម្ពុជាយើងបានទទួលយកគួរតែមានការកែលំអទៅតាមអនុសាសន៍របស់គេ ខ្ញុំគិតថាចំណុចហ្នឹងជាចំណុចមួយនៃការលើកម្ពស់បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាយើង» ។

ក្នុងការពិនិត្យជាសកលតាមការកំណត់ (UPR) រដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិបានផ្ដលអនុសាសន៍ដល់កម្ពុជាចំនួន១៩៨អនុសាសន៍ ខណៈរដ្ឋាភិបាលកម្ពុជាប្រកាសទទួលយកអនុសាសន៍ចំនួន១៧៣ និងកត់សម្គាល់អនុសាសន៍ចំនួន២៥។ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី ធ្លាប់លើកឡើងថាអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកស្ទួយនិងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេស ចំណែកកម្ពុជាក៏ប្រកាសទទួលយកអនុសាសន៍ UPR របស់អង្គការសហប្រជាជាតិដើម្បីបង្ហាញនូវឆន្ទៈក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្សផងដែរ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក