បាត់ដំបង៖ បុរសម្នាក់ត្រូវបានទឹកកួចស្លាប់បាត់បង់ជីវិតនៅពេលដែលព្យាយាមហែលឆ្លងទឹកស្ទឹងដែលកំពុងហូរខ្លាំងកាលពីម្សិលមិញ នៅស្រុករុក្ខគីរី ខេត្តបាត់ដំបង។
បុរសរងគ្រោះខាងលើមានឈ្មោះ ធី ធិ អាយុ២៤ឆ្នាំ ជាកម្មករនៅក្រុមហ៊ុនថៃនៅទំនប់ស្ទាក់ទឹកស្ទឹងដូនទ្រី រស់នៅក្នុងភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានត្រូវទឹកកួចយកទៅបាត់កាលពីល្ងាចម្សិលមិញនឹងទើបតែរកឃើញនៅព្រឹកម៉ោង៨ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ។
សមត្ថកិច្ចឱ្យដឹងថា មុនពេលកើតហើយជនរងគ្រោះនិងគ្នីគ្នា៤នាក់ទៀតបានហែលទឹកដើម្បីឆ្លងស្ទឹងដូនទ្រី ក្នុងក្រុមទី០៨ ភូមិកែវមុន្នី ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង តែហែលបានមិនទាន់ផុតផងក៏ត្រូវបានទឹកកួចនាំយកជនរងគ្រោះខាងលើទៅបាត់។
ពេលនេះសមត្ថកិច្ចបានប្រគល់សាកសបឲ្យទៅក្រុមគ្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណី។ ស្ថានភាពទឹកនៅខេត្តបាត់ដំបងត្រូវបានអាជ្ញាធរប្រកាសឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខណៈដែលភ្លៀងបានបន្តធ្លាក់ជាថ្មី ហើយទឹកស្ទឹងនានាក្នុងខេត្តចាប់ផ្ដើមកើនឡើងជាបន្តបន្ទាប់ឡើងវិញ៕