BREAKING NEWS: សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ច្បាស់ថាមិនទាន់មានការអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ឡើងវិញទេ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាក់ប្រាប់ EAC News ថារដ្ឋាភិបាលមិនទាន់មានគោលការណ៍ណាក្នុងការអនុញ្ញាតឱ្យមានការរៀបអាពាហ៍ពិពាហ៍ឡើងវិញទេ។ ប្រការនេះបានសេចក្ដីថាសារសំឡេងរបស់ សម្ដេចតេជោ ដែលបានចែកចាយក្នុងបណ្ដាញសង្គមនិងតេឡេក្រាមនៅថ្ងៃនេះគឺជាសារសំឡេងចាស់របស់សម្ដេចនាយករដ្ឋមន្ត្រីកាលពីកន្លងទៅ។ សម្ដេចតេជោ ក៏បន្ថែមប្រាប់ EAC News ផងដែរថានឹងមានវិធានផ្លូវច្បាប់ចំពោះជនដែលបំផុសបំផុលព័ត៌មានឱ្យមានការភ័ន្តច្រលំបែបនេះផងដែរ។ សម្ដេចតេជោ បានបន្តប្រាប់ EAC News ទៀតថានោះ "នោះគឺជាសារសម្លេងចាស់ ដែលគេបានយកទៅផ្សព្វផ្សាយដើម្បីបំភ្លៃការពិតទេ"៕
គួរបញ្ជាក់ផងដែរថា នៅថ្ងៃនេះមានការចែករំលែកតគ្នានូវសារសំឡេងរបស់សម្ដេចតេជោដែលប្រកាសថានឹងអនុញ្ញាតឱ្យមានការរៀបចំអាពាហ៍ពិពារណ៍ឡើងវិញក្នុងរដូវរំហើយឆ្នាំនេះ។ តាមការស្រាវជ្រាវ សារសំឡេងនេះគឺក្នុងពេលដែល សម្ដេចតេជោ ប្រកាសនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បិទព្រឹត្តិការណ៍កូវីដ-១៩ ៣ វិច្ឆិកាកាលពីកន្លងទៅ៕