ភ្នំពេញ៖ ក្រសួងសុខាភិបាលបានដាក់ឱ្យអនុវត្តនូវនីតិវិធីប្រតិបត្តិស្ដង់ដារស្ដីពីការធ្វើចត្តាឡីស័ករបស់អ្នកដំណើរមកពីបរទេសចូលមកកម្ពុជាចាប់ពីថ្ងៃទី២០ ខែតុលា តទៅត្រូវធ្វើតេស្តដោយម៉ាស៊ីនតែម្ដងប៉ុណ្ណោះសម្រាប់អ្នកធ្វើចត្តាឡីស័កចូលកម្ពុជា។
ក្នុងសេចក្ដីសម្រេចស្ដង់ដារស្ដីពីការធ្វើចត្តាឡីស័ករបស់អ្នកដំណើរមកពីបរទេសចូលមកកម្ពុជា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង សម្រេចឱ្យមានការធ្វើតេស្តដោយម៉ាស៊ីន PCR តែម្ដងគត់នៅច្រកចេញចូលប្រទេសសម្រាប់អ្នកវិនិយោគ បុគ្គលិកជំនាញទាំងខ្មែរនិងបរទេស មន្ត្រីទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាលនិងក្រុមគ្រួសារ ដែលត្រឡប់ពីបំពេញបេសកម្មនៅក្រៅប្រទេសមុននឹងបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល៣ថ្ងៃនៅទីតាំងចត្តាឡីស័ក ឬផ្ទះរបស់ខ្លួន។
ចំពោះអ្នកដំណើរទូទៅទាំងខ្មែរនិងបរទេស ទាំងអ្នកដែលបានចាក់វ៉ាក់សាំង និងមិនចាក់វ៉ាក់សាំង ត្រូវធ្វើតេស្តរហ័សម្ដងនៅពេលមកដល់ច្រកចូលកម្ពុជា និងត្រូវធ្វើតេស្តម៉ាស៊ីនម្ដងទៀតនៅមុនមួយថ្ងៃចុងក្រោយនៃការធ្វើចត្តាឡីស័ក។
អ្នកដំណើរទូទៅដែលចាក់វ៉ាក់សាំងហើយត្រូវបានរដ្ឋតម្រូវឱ្យធ្វើចត្តាឡីស័កចំនួន៧ថ្ងៃ និងអ្នកដែលមិនបានចាក់វ៉ាក់សាំងនឹងត្រូវឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។
សម្រាប់អ្នកដែលធ្វើតេស្តរហ័សនៅពេលចូលដល់កម្ពុជារកឃើញវិជ្ជមានកូវីដ-១៩ និងត្រូវបញ្ជូនទៅធ្វើតេស្តម៉ាស៊ីនភ្លាមៗ ហើយបើរកឃើញថាវិជ្ជមាននៃជំងឺនឹងត្រូវបញ្ជូនទៅព្យាបាល តែបើលទ្ធផលម៉ាស៊ីនបង្ហាញថាអវិជ្ជមានត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កធម្មតាវិញ៕