សហរដ្ឋអាមរិក៖ រដ្ឋាភិបាលសហរដ្ឋអាមរិក បានត្រៀមខ្លួនរួចរាល់សម្រាប់ការចាប់ផ្តើមនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទៅលើក្មេងដែលមានអាយុចាប់ពី ៥ឆ្នាំ ទៅដល់ ១១ឆ្នាំ ដែលយុទ្ធនាការទ្រង់ទ្រាយធំនេះនឹងចាប់ផ្តើមពីខែវិច្ឆិកានេះតទៅ។ សេតវិមានបានបញ្ជាក់នៅថ្ងៃទី២០ ខែតុលាម្សិលមិញនេះថា ការអនុញ្ញាតមួយជំហានទៀតលើការចាក់វ៉ាក់សាំងចំពោះក្មេងអាយុ ៥ឆ្នាំដល់ ១១ឆ្នាំនេះ នឹងអនុញ្ញាតឱ្យមនុស្សប្រមាណ ២៨លាននាក់ផ្សេងទៀតបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
រដ្ឋបាលលោក Joe Biden បានបញ្ជាក់ថា អាជ្ញាធរសុខាភិបាលនឹងចាប់ផ្តើមនូវយុទ្ធនាការវ៉ាក់សាំងនេះដោយសហការជាមួយនឹងបណ្តាទីតាំងជាង ២៥,០០០ពាន់កន្លែងទូទាំងប្រទេស រាប់បញ្ចូលទាំងទីតាំងពិគ្រោះជំងឺរបស់វេជ្ជបណ្ឌិត, មន្ទីរពេទ្យ, ឱសថស្ថាន និងឈានដល់ការសហការនៅតាមសាលារៀនបន្ថែមទៀត ដោយរំពឹងថាអាជ្ញាធរសុខាភិបាលអាមេរិក អាចផ្តល់ការអនុញ្ញាតឱ្យចាក់វ៉ាក់សាំង Pfizer -BioNTech លើកុមារក្នុងពេលឆាប់ៗនេះ។
មន្រ្តីទទួលបន្ទុកផ្នែកសំរបសំរួលលើផ្នែកជំងឺកូវីដ-១៩នៃសេតវិមានសហរដ្ឋអាមេរិក លោក Jeff Zients បានថ្លែងប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលរំពឹងថា អាជ្ញាធរផ្នែកចំណីអាហារ និងឱសថ (FDA) ព្រមទាំងមជ្ឈមណ្ឌលគ្រប់គ្រង ត្រូតពិនិត្យជំងឺឆ្លងសហរដ្ឋអាមេរិក (CDC) នឹងពិភាក្សាអនុម័តទៅលើការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងប្រភេទ Pfizer -BioNTech លើកុមារដែលមានអាយុចាប់ពី ៥ឆ្នាំ ទៅដល់១១ឆ្នាំក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
FDA នឹងកោះប្រជុំក្រុមអ្នកជំនាញលើបញ្ហានេះនៅសប្តាហ៍ក្រោយ ហើយបន្តដោយ CDC នៅថ្ងៃទី២ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ដោយការអនុញ្ញាតរំពឹងថានឹងត្រូវប្រកាសឆាប់ៗនេះ។ គួរបញ្ជាក់ថា កន្លងមកស្ថាប័ន FDA បានអនុម័តឱ្យមានការប្រើប្រាស់វ៉ាក់សាំង Pfizer BioNTech ចំពោះមនុស្សទូទៅដែលមានវ័យចាប់ពី ១៦ឆ្នាំឡើង មុននឹងបន្តអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងនេះទៅលើក្រុមមនុស្សដែលមានវ័យចាប់ពី ១២ឆ្នាំដល់ ១៥ឆ្នាំកាលពីខែឧសភាកន្លងទៅ៕