អន្តរជាតិ៖ កូរ៉េខាងជើងបានចោទប្រកាន់ទៅលើសហរដ្ឋអាមេរិកថា ប្រទេសមហាអំណាចមួយនេះមានការអនុវត្ត "ស្តង់ដារពីរ" ជុំវិញការសាកល្បងសព្វាវុធ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង នៅព្រឹកថ្ងៃទី២១ ខែតុលានេះ បន្ទាប់ពីអង្គការសហប្រជាជាតិ (UN) គ្រោងនឹងបើកកិច្ចប្រជុំមួយជុំវិញបញ្ហានៃការសាកល្បងអាវុធរបស់កូរ៉េខាងជើងនេះ។
កាលពីថ្ងៃអង្គារកន្លងទៅ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានធ្វើការតេស្តសាកល្បងបាញ់នូវគ្រាប់មីស៊ីលបាឡេស្ទិកចេញពីនាវាមុជទឹក (submarine-launched ballistic missile) របស់ខ្លួន ដែលជាការធ្វើតេស្តសាកល្បងចុងក្រោយបង្អស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ដែលជាហេតុនាំឱ្យសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសកោះប្រជុំបន្ទាន់មួយរួមគ្នានៅទីស្នាក់ការអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក (New York)។
យ៉ាងណាក្តី អ្នកនាំពាក្យនៃក្រសួងការបរទេសកូរ៉េខាងជើង បានចេញមុខអះអាងចំពោះការតេស្តសាកល្បងទៅលើសព្វាវុធថ្មីរបស់ខ្លួននេះថា គ្មានចេតនាណាមួយពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិកឡើយ ប៉ុន្តែការសាកល្បងតេស្តនេះគឺធ្វើឡើងងក្នុងគោលដៅដើម្បីការពារ និងពង្រឹងប្រព័ន្ធសន្តិសុខ ការពារជាតិសុទ្ធសាធ។
សេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយសារព័ត៌មានរដ្ឋ KCNA នេះបានបន្ថែមថា ការរិះគន់របស់ទីក្រុងវ៉ាស៊ីនតោនចំពោះកូរ៉េខាងជើងទៅលើការអភិវឌ្ឍ និងសាកល្បងប្រព័ន្ធអាវុធដូចគ្នាដែលអាមេរិកមានឬកំពុងអភិវឌ្ឍន៍ដែរនោះ វាស្តែងឱ្យឃើញច្បាស់ណាស់ការអនុវត្តផ្ទុយ ឬគេហៅថាការអនុវត្តបែបស្តង់ដារពីរទៅលើបណ្តាប្រទេសផ្សេងដែលមានគោលដៅមិនដូចសហរដ្ឋអាមេរិក។
កន្លងមក មេដឹកនាំកូរ៉េខាងជើង Kim Jung Un បានជួបពិភាក្សាផ្លូវការជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ចំនួន ៣លើក ដែលជានិច្ចកាលលោក Trump តែងតែអះអាងថាជាជំនួបផ្សះផ្សាបញ្ចប់សង្គ្រាម ប៉ុន្តែកិច្ចពិភាក្សានេះពុំបានផ្លែផ្កាជាវិជ្ជមានឡើយ ជាពិសេសពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ថ្មីៗនេះ លោក Kim បានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះភាពតានតឹង ដោយច្រានចោលការអះអាងរបស់ទីក្រុងវ៉ាស៊ីនតោនថាមិនមានចេតនាអរិភាពណាមួយចំពោះទីក្រុងព្យុងយ៉ាងទេ៕