រុស្សី៖ ខ្សែប្រយុទ្ធសញ្ជាតិហ្សាំប៊ី Patson Daka របស់ Leicester City បានក្លាយជាកីឡាករហ្សាំប៊ីដំបូងគេបង្អស់ដែលអាចធ្វើបាន Hat Trick ក្នុងការប្រកួតពានរង្វាន់ក្លិបអឺរ៉ុប ក្រោយស៊ុតបញ្ចូលទី ៤គ្រាប់ម្នាក់ឯងជួយឱ្យឈ្នះ Leicester City ឈ្នះ ៤-៣ ទល់នឹងក្រុមម្ចាស់ផ្ទះ Spartak Moskow ក្នុងពានរង្វាន់ UEFA Nation League នៅទឹកដីរុស្សីយប់មិញនេះ។
ក្រោយពីបំបែកពងមាន់រកបានគ្រាប់ដំបូងរបស់ខ្លួនជាមួយ Leicester City ក្នុងការប្រកួតទល់នឹង Manchester United កាលពីថ្ងៃសៅរ៍ Daka នៅតែបន្តបង្ហាញភាពលេចធ្លោបន្តជាមួយក្រុមលោក Brandan Rodger ពោលគឺជួយឱ្យក្រុមរហស្សនាមកញ្ជ្រោងខៀវបានស្គាល់ជ័យជម្នះលើដំបូងបង្អស់ក្នុងពូល C នៃពាន Europa League របស់ខ្លួន។
ជាមួយគ្រាប់បាល់ ៤គ្រាប់ដ៏អស្ចារ្យយប់មិញនេះ អតីតខ្សែប្រយុទ្ធក្លិបអូទ្រីស RB Salzburg រូបនេះបានបង្កើតកំណត់់ត្រាក្លាយជាកីឡាកររបស់ Leicester City ដំបូងគេបង្អស់ដែលធ្វើបាន Hat-Trick ក្នុងការប្រកួតពានអឺរ៉ុប ខណៈជាកីឡាករដំបូងដែលរកបាន ៤គ្រាប់ក្នុងមួយប្រកួតសម្រាប់ក្លិបគ្រប់ក្របខណ្ឌទាំងអស់ រាប់ចាប់តាំងពីឆ្នាំ១៩៥៨ ដែលលោក Derek Hines រកបាន ៤គ្រាប់ក្នុងជំនួបដែល Leicester City ឈ្នះ Aston Villa ៦-៣។ យ៉ាងណាមិញ លោក Derek បានទទួលមរណភាពតាំងពីឆ្នាំ២០០១ មកម្ល៉េះក្នុងវ័យ ៧០ឆ្នាំ។
ក្រោយជ័យជម្នះនេះ Leicester City បានរំកិលខ្លួនឡើងទៅកាន់លេខ ២ ក្នុងពូល C មាន ៤ពិន្ទុពីការប្រកួត ៣លើក ឈរពីក្រោមក្រុមកំពូលតារាង Legia Warshaw មាន ៦ពិន្ទុក្នុងដៃ។
គួរបញ្ជាក់ថា Patson Daka ត្រូវបានលោក Brandan Rodger នាំយកមកពីក្លិប RB Salzburg ក្នុងតម្លៃខ្លួន ៣០លានអឺរ៉ូកាលពីខែកក្កដាកន្លងទៅ។ បន្ទាប់ពីបង្ហាញទម្រង់ប្រយុទ្ធលេចធ្លោផ្ទួនៗ Daka ត្រូវបានគេរំពឹងថានឹងជាកូនសោររកគ្រាប់បាល់ដ៏សំខាន់របស់ Leicester ក្នុងការប្រកួតទល់នឹង Brentford នាការប្រកួត Premier League ចុងសប្តាហ៍នេះ៕