បាត់ដំបង៖ គោចំនួន១១ក្បាលត្រូវបានរន្ទះបាញ់ងាប់ពេញវាលស្រែ ក្នុងពេលពេលកំពុងភ្លៀងនៅព្រឹកនេះក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។
សមត្ថកិច្ចឱ្យដឹងថា ហេតុការណ៍រន្ទះបាញ់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៩និង៣០នាទីព្រឹក នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅចំណុចវាលបង្គោលអង់តែនទូរស័ព្ទមួយ ស្ថិតក្នុងក្រុមទី១៦ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ ករណីរន្ទះបាញ់នេះកើតឡើងក្នុងពេលដែលមេឃកំពុងភ្លៀងរលឹម ហើយគោចំនួន១១ក្បាលត្រូវបានម្ចាស់ដាក់ឱ្យស៊ីស្មៅជុំគ្នានៅទីវាលខាងលើ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅព្រឹកនេះក្រសួងធនធានទឹក បានស្នើដល់ពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះស្ថានភាពអាកាសធាតុជាពិសេសចំពោះករណីរន្ទះបាញ់នៅតាមបណ្តាខេត្តផ្សេងៗនៅទូទាំងប្រទេស៕