កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៧ ឧសភា ២០២១ បានប្រកាសរកឃើញករណីវិជ្ជមានថ្មី ២នាក់បន្ថែមទៀត ម្នាក់ឈ្មោះ ហាម វ៉ាន់ភូ ភេទប្រុស អាយុ ២៦ឆ្នាំ ជាប្តីឈ្មោះ ជិន ធីហ៊ឹង (វិជ្ជមានកូវីដ-១៩) ជាអ្នករស់នៅសង្កាត់ព្រែកប្រា ក្នុងស្រុកបរិបូរណ៍ និងម្នាក់ទៀតឈ្មោះ យ៉ាង ធីថាំង ភេទស្រី អាយុ២០ឆ្នាំ ជាអ្នករស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។
រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៩នាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បន្តទៀតថាប្រសិនបើប្រជាពលរដ្ឋក្នុងស្រុកទាំងពីរនេះមានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងករ ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែង ដែលបងប្អូនស្នាក់នៅនិងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕