លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិដ៏ធំនៃវិស័យពិការភាពនៅឆ្នាំ២០២៣

ភ្នំពេញ៖ សន្និសីទអាស៊ីនិងប៉ាស៊ីហ្វិកលើកទី៥ ឆ្នាំ២០២៣ ស្តីពី “បរិយាបន្នពិការភាពក្នុងកម្មវិធីអភិវឌ្ឍន៍សហគមន៍” នឹងប្រព្រឹត្តិទៅនៅទីក្រុងភ្នំពេញនាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ការទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏ធំនៃសន្និសីទអាស៊ីនិងប៉ាស៊ីហ្វិកលើកទី៥ ឆ្នាំ២០២៣ គឺជាការបានបង្ហាញពីការយកចិត្តទុកដាក់ជាចំបងចំពោះសុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាពនៅកម្ពុជា តាមរយៈការអនុម័តច្បាប់ស្ដីពីកិច្ចការពារ និងលើក កម្ពស់សិទ្ធិជនពិការ ២០០៩ គោលនយោបាយជាតិគាំពារសង្គម ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព បទដ្ឋានគតិយុត្តិក្រោមច្បាប់ និងគោលការណ៍ណែនាំផ្សេងៗជាច្រើនទៀត។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានហៅការគ្រោងរៀបព្រឹត្តិការណ៍ខាងមុខនេះថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីនៃវិស័យពិការភាព ដែលកន្លងមករាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសង្គមកិច្ចបានខិតខំដោះស្រាយបញ្ហាជាច្រើនដើម្បីប្រយោជន៍របស់ជនមានពិការភាពនៅកម្ពុជារួមទាំងការស្តារលទ្ធភាពពលកម្មកាយសម្បទា ការផ្តល់ផ្ទះសម្បែង ប្រាក់ឧបត្ថម្ភដល់ជនពិការក្រីក្រតាមសហគមន៍ជាដើម។

កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ ជាហត្ថលេខីក្នុងការអនុវត្តទសវត្សរ៍ជនពិការប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក យុទ្ធសាស្ត្រអ៊ីឈាន់ ធ្វើឲ្យសិទ្ធិក្លាយជាការពិត ឆ្នាំ២០១៣-២០២២ បានចូលរួមយ៉ាងសកម្មជាមួយប្រទេសក្នុង សហគមន៍ក្នុងតំបន់ និងអន្តរជាតិ ដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាព។

លោក វង សូត បានបន្ថែមទៀតថា ការត្រៀមរៀបចំសន្និសីទលើកទី៥ ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកស្តីពីការធ្វើបរិយាបន្នពិការភាពក្នុងការអភិវឌ្ឍន៍សហគមន៍ប្រកបដោយនិរន្តរភាពខាងមុខនេះ កម្ពុជានឹងបង្ហាញដល់គណៈប្រតិភូដែលមកពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកនូវសមិទ្ធិផលជាច្រើននៃវិស័យពិការភាពនៅកម្ពុជា ពិសេសនឹងរៀបចំដំណើរទស្សនកិច្ចជូនគណៈប្រតិភូដើម្បីទៅទស្សនាមជ្ឈមណ្ឌលជាតិជនពិការកម្ពុជាដែលកំពុងតែងសាងសង់ ហើយគ្រោងនឹងបញ្ចប់នៅមុនឆ្នាំ២០២៣។

លោករដ្ឋមន្ត្រី វង សូត ក៏ប្រកាសប្រគល់ភារកិច្ចជូន លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការសង្គមកិច្ចនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រុមការងារជាអ្នកត្រួតពិនិត្យគុណភាពសំណង់និងពន្លឿនការសាងសង់មជ្ឈមណ្ឌលជាតិជនពិការកម្ពុជាឱ្យទាន់ផែនការ ពោលគឺមុខព្រឹត្តិការណ៍សន្និសីទខាងលើនេះ។

គួរបញ្ជាក់ផងដែរថា សន្និសីទប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកស្តីពីការធ្វើបរិយាបន្នពិការភាពក្នុងការអភិវឌ្ឍន៍សហគមន៍ប្រកបដោយនិរន្តរភាព ធ្លាប់បានរៀបចំចំនួន ៤ដងរួចមកហើយ គឺ៖ លើកទី១ រៀបចំដោយរាជរដ្ឋាភិបាលថៃ ក្នុងឆ្នាំ២០០៩ មានអ្នកចូលរួម ៦៣០នាក់ មកពី៥៣ប្រទេស។ លើកទី២ រៀបចំដោយរដ្ឋាភិបាលភីលីពីនក្នុងឆ្នាំ២០១១ មានអ្នកចូលរួម៦២៨នាក់ មកពី៦៥ប្រទេស។ លើកទី៣ រៀបចំដោយរាជរដ្ឋាភិបាលជប៉ុន ក្នុងឆ្នាំ២០១៥ មានអ្នកចូលរួម៥៥០នាក់ មកពី៤៥ប្រទេស។ លើកទី៤ រៀបចំដោយរដ្ឋាភិបាល ប្រទេសម៉ុងហ្គោលី ក្នុងឆ្នាំ២០១៩ មានអ្នកចូលរួម៦៤៣នាក់ មកពី៤៣ប្រទេស និង លើកទី៥ នឹងធ្វើនៅខែមីនា ឆ្នាំ២០២៣ រៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា៕


PHOTO: EAC NEW


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក