បារាំង៖ ខ្សែប្រយុទ្ធ Karim Benzema របស់ក្លិប Real Madrid នឹងទៅចូលខ្លួនទៅកាន់តុលាការនាថ្ងៃពុធនេះ ពាក់ព័ន្ធទៅនឹងបទចោទប្រកាន់ដ៏ស្មុគស្មាញក្នុងការប៉ុនប៉ងគំរាមកំហែងអតីតមិត្តរួមក្រុមជម្រើសជាតិបារាំង Mathieu Valbuena ចំពោះខ្សែអាត់វីដេអូអាសអាភាសមួយ។ ក្រុមអ្នកស៊ើបអង្កេតចោទប្រកាន់ថា Benzema បានលើកទឹកចិត្តឱ្យ Valbuena បង់លុយឱ្យក្រុមអ្នកគំរាមកំហែង ដើម្បីការពារកុំឱ្យខ្សែអាត់វីដេអូអាសអាភាសរបស់គេបែកធ្លាយជាសាធារណៈ។
យ៉ាងណាមិញ Benzema បានបដិសេធចំពោះការចោទប្រកាន់នេះ ខណៈមេធាវីការពារក្តីរបស់គេបានអះអាងការពារថា វាហាក់ជារឿងមិនសមហេតុផលទាល់តែសោះ។ ក្រោយពេលមានរឿងអាស្រូវនៃវីដេអូនេះបានកើតមានឡើង ទាំង Benzema និង Valbuena សុទ្ធតែបាត់បង់តំណែងក្នុងក្រុមជម្រើសជាតិចាប់តាំងពីឆ្នាំ២០១៥ មកទល់បច្ចុប្បន្ន ប៉ុន្តែ Benzema ទើបតែត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិបារាំងឡើងវិញ នាព្រឹត្តិការណ៍ EURO ២០២០ កន្លងទៅ។
រដ្ឋអាជ្ញាក្នុងរឿងក្តីនេះបានអះអាងថា Valbuena បានទទួលទូរស័ព្ទលើកទីមួយដែលគំរាមកំហែងពីការបញ្ចេញខ្សែអាត់វីដេអូសិចអំឡុងខែមិថុនា ឆ្នាំ២០១៥ ដែលកាលណោះក្រុមជម្រើសជាតិបារាំងកំពុងប្រមូលផ្តុំហ្វឹកហាត់នៅឯតំបន់ Clairefontaine ភាគខាងលិចរដ្ឋធានី Paris។ ក្នុងនោះផងដែរ រដ្ឋអាជ្ញាក្នុងរឿងក្តីនេះបញ្ជាក់បន្ថែមផងដែរ ថាក្រុមអនាមិកនោះបានអូសទាញ និងដាក់គោលដៅលើ Benzema ឱ្យបញ្ចុះបញ្ចូលមិត្តរួមក្រុម Valbuena ឱ្យបង់លុយទៅពួកគេ។
Benzema និងសហជនជាប់ចោទ ៤នាក់ផ្សេងទៀត ត្រូវបានរងការចោទប្រកាន់ដ៏ស្មុគស្មាញក្នុងការប៉ុនប៉ងគំរាមកំហែង។ ប្រសិនបើការចោទប្រកាន់ និងរកឃើញថាមានពិរុទ្ធភាព Benzema អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៧៥,០០០អឺរ៉ូបន្ថែមទៀត។ Benzema ទំនងជាមិនបានចូលរួមក្នុងកិច្ចសវនាការនាថ្ងៃពុធនេះឡើយ ត្បិតគេទើបតែបញ្ចប់ភារកិច្ចជាមួយក្រុម Real Madrid ក្នុងពាន UEFA Champions Leaue ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ Shakhtar Donetsk ៥-០ ដល់ទឹកដីអ៊ុយក្រែនកាលពីយប់មិញនេះ៕