សៀមរាប៖ ក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរអប្សរា បានរៀបចំជួសជុលច្រកទ្វារខាងកើតឡើងវិញកាលពីថ្ងៃទី១៨ ខែតុលាម្សិលមិញក្រោយរងការខូចខាតដោយសារអាយុកាល អាកាសធាតុ និងរុក្ខជាតិ។
អ្នកបុរាណវិទូដែលមើលខុសត្រូវការដ្ឋានជួសជុល លោកស្រី ភិន វិជ្ជាសច្ចរ៉ា បានលើកឡើងថា ច្រកចូលខាងកើតនៃប្រាសាទអង្គរវត្ត មានការខូចខាតតិចតួចដោយផ្នែកលើច្រកឡើងនៃកាំជណ្ដើរ ជ្រុះដំបូល ព្រំដំបូល និងហោជាងជាដើម ដែលត្រូវការថែទាំ និងជួសជុលជាចាំបាច់ ដើម្បីជៀសវាងការឈានទៅដល់ការខូចខាតធ្ងន់ធ្ងរ។
លោកស្រីបញ្ជាក់ថា៖ «កិច្ចការដំបូងគឺក្រុមការងារបានសិក្សាទៅលើសម្រង់ប្លង់រុករកថ្មដែលបានធ្លាក់ចុះរប៉ាត់រប៉ាយហើយកំណត់រូបរាងរបស់វាឡើងវិញមុននឹងសម្អាតថ្មទាំងនោះឱ្យស្អាតហើយយកវាទៅផ្គុំនៅកន្លែងដើមឡើងវិញ»។
ទោះជាយ៉ាងណាអាជ្ញាធរអប្សរានៅមិនទាន់អាចបញ្ជាក់ពេលដែលគម្រោងនេះនឹងបញ្ចប់ការជួសជុលនៅពេលណានៅឡើយទេ៕