ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបញ្ជាទៅមន្ត្រីថ្នាក់ក្រោមពេលអនុវត្តការចុះប្រមូលជនអនាថាតាមទីសាធារណៈឱ្យសាកសួរស្រាវជ្រាវរកស្រុកកំណើតនិងបញ្ជូនពួកគេទៅទីកន្លែងកំណើតគេវិញ ដើម្បីងាយស្រួលក្នុងការសា្រវជ្រាវពីសវតា និងកំណត់ពីភាពក្រីក្រ ដើម្បីឱ្យរដ្ឋាភិបាលអាចផ្ដល់ជំនួយដល់ពួកគាត់នៅមូលដ្ឋានផ្ទាល់។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោក វង សូត មានប្រសាសន៍ក្នុងកិច្ចប្រជុំស្ដីពីលទ្ធផលការងាររបស់គណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថានាឆ្នាំកន្លងមក និងទិសដៅអនុវត្តបន្តឆ្នាំ២០២១ ដោយឱ្យមន្ទីរសង្គមកិច្ចនៅទូទាំងប្រទេសនៅពេលអាជ្ញាធរប្រមូលជនអនាថាមកត្រូវសាកសួរស្រាវជ្រាវរកទីកន្លែងកំណើតរបស់ពួកគេនិងបញ្ជូនទៅស្រុកកំណើតវិញដើម្បីសិក្សាពីស្ថានភាពគ្រួសារក្នុងការផ្ដល់ប័ណ្ឌក្រីក្រ និងជំនួយផ្សេងទៀតដល់ពួកគាត់។
លោករដ្ឋមន្ត្រីបានថ្លែងថា៖ «ប្រសិនជាបងប្អូនអនាថាហ្នឹងមិនវិលទៅរកប័ណ្ណក្រីក្រអីជាក់លាក់ទេ មិនដឹងថាគាត់ត្រូវបានលុយហ្នឹងយ៉ាងមិចទេ។ អញ្ចឹងហើយបានខ្ញុំចង់និយាយថាការឧបត្ថម្ភសាច់ប្រាក់នេះប្រហែលជារដ្ឋាភិបាលនឹងខិតខំគាំទ្រដល់បងប្អូនហើយ។ ហើយប័ណ្ណក្រីក្រនេះក៏មិនពិបាកដែរឱ្យតែប្រាកដថាគាត់ក្រីក្រចេញប័ណ្ណឱ្យគាត់ទៅហើយអត់យូរទេ! ចេញខែហ្នឹងខែបន្ទាប់បើកលុយភ្លាម យើងគិតនិរន្តរភាពណាស់សម្រាប់ការងារហ្នឹង។ អញ្ចឹងហើយយើងនាំគ្នាបញ្ចុះបញ្ជូលបងប្អូនអនាថាទៅផ្ទះរកសម្បែងវិញទៅហើយចេញប័ណ្ណក្រីក្រហ្នឹងឱ្យគាត់ទៅ អញ្ចឹងគាត់បានទទួលអត្ថប្រយោជន៍ហ្នឹងហើយ» ។
ទិន្នន័យដែលទទួលបានពីការអង្កេតរហ័សឆ្នាំ២០២០ ទូទាំងប្រទេសរកឃើញជនអនាថាចំនួន ២ ៦៧២នាក់ ដើម្បីជួយសង្គ្រោះផ្ដល់ការហូបចុក ថែទាំ ព្យាបាល និងស្ដារនីតិសម្បទាឡើងវិញ។ លទ្ធផលសម្រេចបានមានជនអនាថាចំនួន ១ ០៥៨នាក់ត្រូវបានធ្វើសមាហរណកម្មទៅតាមគ្រួសារ និងសហគមន៍វិញ៕