កាណាដា៖ ក្រុមហ៊ុន Pfizer BioNTech បានដាក់ឯកសារស្នើសុំការអនុញ្ញាតពីអាជ្ញាធរសុខាភិបាលកាណាដា ដើម្បីអនុម័តលើការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅលើក្មេងដែលមានអាយុចាប់ពី ៥ឆ្នាំ ទៅដល់ ១១ឆ្នាំ។ នេះបើតាមការឱ្យដឹងព្រមគ្នាពីរដ្ឋាភិបាលកាណាដា និងក្រុមហ៊ុន Pfizer។
ក្នុងសេចក្តីជូនដំណឹងមួយបានបញ្ជាក់ថា នេះគឺជាការដាក់ស្នើឯកសារលើកដំបូងបង្អស់ទៅកាន់អាជ្ញាធរសុខាភិបាលកាណាដា ដើម្បីឱ្យមានការយល់ព្រមលើការចាក់វ៉ាក់សាំងទៅលើក្រុមមនុស្សដែលមានវ័យក្មេង។ ការស្នើសុំការអនុម័តនេះបានធ្វើឡើងផ្អែកតាមទិន្នន័យដោយការសាកល្បងធ្វើឡើងលើកុមារចំនួន ២,២៦៨នាក់ ដែលក្នុងកម្រិតអាយុត្រឹមនេះ កម្រិតវ៉ាក់សាំងត្រូវបានបន្ថយមកនៅត្រឹមតែ ១០មីក្រូក្រាមក្នុងមួយដងនៃការចាក់វ៉ាក់សាំង ពោលគឺទាបជាងកំរិតប្រើធម្មតាបីដង ដែលក្រុមហ៊ុនអះអាងថាជាកំរិតដែលសមស្របបំផុតសំរាប់ក្មេងដែលមានអាយុពី ៥ឆ្នាំទៅ ១១ ឆ្នាំ។
កន្លងមក វ៉ាក់សាំង Pfizer BioNTech ធ្លាប់ត្រូវបានរដ្ឋាភិបាលកាណាដា អនុម័តឱ្យប្រើប្រាស់លើកុមារដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅផងដែរ។
យ៉ាងណាក្តី អាជ្ញាធរផ្នែកសុខភាពកាណាដាបាននិយាយថា ស្ថាប័ននេះនឹងអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង ប្រសិនបើការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្តឯករាជ្យធ្វើឡើងដោយហ្មត់ចត់លើទិន្នន័យទាំងអស់បានបញ្ជាក់ថាការប្រើប្រាស់វ៉ាក់សាំងលើក្រុមមនុស្សដែលមានវ័យក្មេងនេះមានអត្ថប្រយោជន៍ច្រើន និងមានហានិភ័យកម្រិតទាប។ ក្រៅពីនេះ ក្រសួងសុខាភិបាលកាណាដាក៏បានបញ្ជាក់ថា មិនមែនមានតែ Pfizer មួយទេ ពោលគឺក្រុមហ៊ុនផ្សេងៗទៀតក៏កំពុងសិក្សា និងសាកល្បងតេស្តវ៉ាក់សាំងរបស់ពួកគេទៅលើក្រុមមនុស្សដែលមានវ័យផ្សេងៗគ្នាដែរ។
កាលពីដើមខែតុលានេះ ក្រុមហ៊ុន Pfizer ក៏បានដាក់ស្នើរឯកសារស្រដៀងគ្នានេះទៅកាន់រដ្ឋាភិបាលអាមេរិក ក្នុងគោលបំណងតែមួយពោលគឺការស្នើឱ្យអនុម័តការប្រើប្រាស់វ៉ាក់សាំងលើក្មេងដែលមានអាយុចាប់ពី ៥ឆ្នាំ ដល់១១ឆ្នាំ។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកុមារ និងក្មេងជំទង់នៅតែចោទជាបញ្ហារួមនៅឡើយ ពោលគឺប្រទេសភាគច្រើនបានចាប់ផ្តើមយុទ្ធនាការវ៉ាក់សាំងបង្ការលើក្មេងជំទង់ដែលមានវ័យ ១២ឆ្នាំឡើងទៅបណ្តើរៗហើយ ខណៈមានប្រទេសតិចតួចប៉ុណ្ណោះដែលបានផ្តល់យុទ្ធនាការវ៉ាក់សាំងបង្ការកូវីដ-១៩ លើមនុស្សដែលមានវ័យក្រោម ១២ឆ្នាំចុះ៕