លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

របបយោធាមីយ៉ាន់ម៉ាសំរេចដោះលែងអ្នកទោសជាង ៥,០០០នាក់នៅចុងខែតុលានេះ

មីយ៉ាន់ម៉ា៖ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ានៅថ្ងៃទី១៨ ខែតុលា បានប្រកាសពីការដោះលែងមនុស្សជាង ៥,០០០នាក់ ដែលត្រូវបានឃាត់​ និងឃុំខ្លួនក្នុងពន្ធនាគារអំឡុងការបាតុកម្មតវ៉ាប្រឆាំងនឹងការធ្វើរដ្ឋប្រហារកាលពីខែកុម្ភៈកន្លងទៅ។ ការប្រកាសដោះលែងជនជាប់ឃុំដោយសារបញ្ហានយោបាយនេះ បានធ្វើឡើងភ្លាមៗប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបណ្តាប្រទេសក្នុងតំបន់អាស៊ានហាក់បង្ហាញការរារែកចំពោះការចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានពីសំណាក់ក្រុមតំណាងរបស់របបយោធានេះ។

បើតាមរបាយការណ៍ពីក្រុមឃ្លាំមើលស្ថានការណ៍នៅមីយ៉ាន់ម៉ាបានឱ្យដឹងថា ភាពវឹកវរ និងចលាចលបានកើតមានឡើងតាំងពីខែកុម្ភៈមកម្ល៉េះ ពោលគឺជាការតវ៉ាប្រឆាំងនឹងការធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំរដ្ឋាភិបាល លោកស្រី Aung san suu kyi ចេញពីតំណែង និងការចូលកាន់កាប់រដ្ឋាភិបាលពីសំណាក់លោកឧត្តមសេនីយ៍ Min Aung Hlaing ដែលជាមេដឹកនាំយោធា។ ពលរដ្ឋមីយ៉ាន់ម៉ាបានចេញមកបាតុកម្មតវ៉ា ដែលបណ្តាឱ្យមានការបង្ហូរឈាម និបាត់បង់ជីវិតពលរដ្ឋស៊ីវិលប្រមាណជា ១,១០០នាក់ ខណៈមនុស្សជាង ៨,០០០នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ។

ផ្អែកតាមរបាយការណ៍ទិន្នន័យពីសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ បច្ចុប្បន្ននេះមានមនុស្សប្រមាណ ៧,៣០០នាក់ កំពុងស្ថិតក្នុងការឃុំខ្លួន។ មេដឹកនាំមីយ៉ាន់ម៉ា លោក Min Aung Hlaing បានបញ្ជាក់ថា អ្នកជាប់ឃុំចំនួន ៥​,៦៣៦នាក់​ នឹងត្រូវដោះលែងឱ្យមានសេរីភាពក្នុងឱកាសពិធីបុណ្យ Thadingyut (ចេញវស្សា) ដែលនឹងប្រារព្ធឡើងនៅចុងខែតុលានេះ។ កន្លងមក កាលពីខែមិថុនា របបយោធាមីយ៉ាន់ម៉ាបានធ្វើការដោះលែងអ្នកទោសនយោបាយចំនួនជាង ២,០០០នាក់ ក្នុងនោះក៏មាននូវអ្នកសារព័ត៌មានដែលបានធ្វើការរិះគន់ទៅលើរដ្ឋាភិបាលបច្ចុប្បន្នជាដើម។

ជុំវិញការសំរេចនេះ មតិមួយចំនួនបានលើកឡើងថា ការដោះលែងអ្នកទោសចំនួនជាង ៥,០០០នាក់នេះក្រោយពេលដែលរដ្ឋាភិបាលហាក់មានសម្ពាធពីក្នុងតំបន់ ខណៈថ្មីៗនេះកិច្ចប្រជុំបន្ទាន់មួយបានធ្វើឡើងពីសំណាក់មន្រ្តីការបរទេសជាន់ខ្ពស់អាស៊ាន ដោយបានសម្រេចមិនអញ្ជើញមេដឹកនាំ Min Aung Hlaing ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននាចុងខែតុលានេះឡើយ៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក