បារាំង៖ ខ្សែប្រយុទ្ធប្រេស៊ីល Neymar នឹងត្រូវអវត្តមានក្នុងការប្រកួត UEFA Champions League វគ្គ Group Stage ទល់នឹងក្លិបអាល្លឺម៉ង់ RB Leipzig នារាត្រីនេះ ក្រោយពីជួបប្រទះបញ្ហារបួសកំឡុងការចូលរួមជាមួយក្រុមជម្រើសជាតិប្រេស៊ីលកាលពីពេលថ្មីៗ។ នេះបើតាមការឱ្យដឹងពីលោក Mauricio Pochettino។
គួរបញ្ជាក់ថា Neymar គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករជាច្រើននាក់ផ្សេងទៀតដែលអវត្តមាន ក្នុងការប្រកួតដែល PSG ឈ្នះ Angers កាលពីចុងសប្តាហ៍កន្លងទៅ ដោយសារមូលហេតុនៃការត្រឡប់មកវិញយឺតយ៉ាវបន្ទាប់ពីបញ្ចប់ភារកិច្ចប្រកួតជម្រុះ FIFA World Cup តាមប្រទេសរៀងខ្លួន។
លោក Pochettino បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយមុនការប្រកួតថា៖ "នៅ PSG សុខុមាលភាពរបស់កីឡាករគឺជារឿងសំខាន់បំផុត។ Neymar ជួបប្រទះបញ្ហាឈឺចាប់ត្រង់ក្រលៀន ក្រោយពីបញ្ចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិដែលទាមទារឱ្យមានការតាមដានរយៈពេលខ្លី ហើយក្រុមគ្រូពេទ្យជឿជាក់ថាគេនឹងអាចត្រឡប់មកហ្វឹកហាត់ពេញលេញជាមួយក្រុមទាំងមូលក្នុងពេលឆាប់ៗនេះ"។
ក្រៅពី Neymar ដែលអវត្តមាន ក្នុងនោះកីឡាករសំខាន់ៗ ២នាក់ទៀតរួមមាន ខ្សែបម្រើ Leandro Paredes និងខ្សែការពារ Sergio Ramos ក៏នឹងអវត្តមានដូចគ្នាដោយសារហេតុផលរបួស។ បច្ចុប្បន្ននេះ Paris Saint-Germain កំពុងឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងពូល A មាន ៤ពិន្ទុ ខណៈ RB Leipzig ស្ថិតនៅបាតតារាងពុំទាន់មានពិន្ទុរាប់នៅឡើយ។ Paris Saint-Germain នឹងបើកទ្វារកីឡដ្ឋាន Parc Des Prince របស់ខ្លួនទទួលស្វាគមន៍ Leipzig យប់នេះវេលាម៉ោង ២ទាបភ្លឺ ខណៈមួយគូទៀតក្នុងពូល A Club Brugge ទទួលស្វាគមន៍មេឃខៀវ Manchester City៕