រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

ចាយទុនផលិត ២១លានដុល្លារ Squid Game រកចំណូលវិញបានជាង ៩០០លានដុល្លារ

កម្សាន្ត៖ ខ្សែភាពយន្តភាគ Squid Game កំពុងពេញនិយមលើកម្មវិធីទស្សនាភាពយន្ត Netflix ត្រូវបានគេប៉ាន់ស្មានវាយតម្លៃថា ខ្សែភាពយន្តនេះរកប្រាក់ចំណូលប្រមាណ ៩០០លានដុល្លារអាមេរិកហើយមកឱ្យក្រុមហ៊ុនកម្សាន្តយក្សមួយនេះ។ នេះបើយោងតាមរបាយការណ៍ពី Bloomberg ដោយដកស្រង់តួលេខពីឯកសារខាងក្នុងរបស់ក្រុមហ៊ុន Netflix ផ្ទាល់។

ខ្សែភាពយន្តដែលមានសរុប ៩ភាគ និយាយពីការចូលរួមលេងហ្គេមមួយសម្រាប់មនុស្សចំនួន ៤៥៦នាក់ ហើយអ្នកដែលឈ្នះម្នាក់ចុងក្រោយនឹងទទួលបានប្រាក់រង្វាន់ ៤៥,៦ពាន់លានវ៉ុន។ ខ្សែភាពយន្តនេះបានក្តោបក្តាប់ទីផ្សាររបស់ Netflix យ៉ាងកក្រើកបំផុតដែលចា​ប់តាំងពីបានដាក់ឱ្យទស្សនាក្នុងកម្មវិធីនេះនៅខែកញ្ញាកន្លងទៅ។ ជាមួយចំណូលប្រមាណ ៩០០លានដុល្លារអាមេរិកនេះ Bloomberg បានរាយការណ៍ថា ខ្សែភាពយន្ត Squid Game នេះចំណាយដើមទុនផលិតប្រមាណ ២១,៤លានដុល្លារអាមេរិកប៉ុណ្ណោះ។ 

ផ្អែកតាមរបាយការណ៍នេះដែរ ត្រឹមរយៈពេល ២៣ថ្ងៃដំបូងមានមនុស្សយ៉ាងហោចណាស់ ១៣២លាននាក់បានទស្សនាភាពយន្តនេះយ៉ាងហោច ២នាទី ដែលបានបំបែកកំណត់ត្រាមួយនៃខ្សែភាពយន្ត Bridgerton របស់ចក្រភពអង់គ្លេសមានអ្នកទស្សនាជាង ៨២លាននាក់ក្នុងរយៈពេល ២៨ថ្ងៃដំបូង។ បើតាមរបាយការណ៍ផ្ទាល់ពី Netflix ខ្សែភាពយន្តនេះបានស្រូបទាញអ្នកទស្សនាប្រមាណ ១១១លាននាក់ ក្នុងនោះមានប្រមាណ ៨៩ភាគរយបានមើលចប់យ៉ាងហោច ១ភាគ និង ៦៦បានមើលចប់ទាំង ៩ភាគតែម្តងក្នុងរយៈពេល ២៣ថ្ងៃដំបូង។

Squid Game ក៏ជារឿងភាគកូរ៉េដំបូងគេដែលដណ្តើមបានចំណាត់ថ្នាក់កំពូលនៅសហរដ្ឋអាមេរិក ហើយថែមទាំងបានជំរុញឱ្យមានការចាប់អារម្មណ៍ក្នុងចំណោមប្រជាជនអាមេរិកក្នុងការរៀនភាសាកូរ៉េផងដែរ។ ស្ថាបនិក Amazon លោក Jeff Bezos ក៏បានសំដែងនូវអារម្មណ៍វិជ្ជមាន និងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើខ្សែភាពយន្តភាគនេះ ដោយពណ៌នាថាខ្សែភាពយន្តនេះគឺជា "ស្នាដៃមួយដែលគួរឱ្យចាប់ចិត្ត និងនាំឱ្យមានការបំផុសគំនិតថ្មីៗ" ផ្សេងទៀត៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក