
លោក ហ៊ុន ម៉ានី ការដាក់ឱ្យចរាចរក្រដាសប្រាក់៣ម៉ឺនរៀលបានឆ្លុះបញ្ចាំងពីដំណើរវិវឌ្ឍដ៏វិជ្ជមានរបស់កម្ពុជានៅក្នុងរយៈពេល៣០ឆ្នាំមកនេះ
ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាសមាជិករដ្ឋសភាលោក ហ៊ុន ម៉ានី បានលើកឡើងថា ការដាក់ឱ្យចរាចរក្រដាសប្រាស់៣ម៉ឺនរៀលថ្មី បានឆ្លុះបញ្ចាំងពីដំណើរវិវឌ្ឍប្រកបដោយភាពវិជ្ជមានរបស់សង្គមកម្ពុជាក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាតនៅថ្ងៃនេះដាក់ឱ្យប្រើប្រាស់ធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០ ០០០រៀល ឱ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេសកម្ពុជាជាមួយក្រដាសប្រាក់ប្រភេទផ្សេងទៀត។
លោក ហ៊ុន ម៉ានី បានសរសេរនៅលើហ្វេសបុកផេករបស់លោក ដោយបានអបអរសាទរការដាក់ឱ្យចរាចរណ៍ក្រដាសប្រាក់ប្រភេទ ៣ម៉ឺនរៀល ហើយថាការសម្រេចដាក់ឱ្យប្រើប្រាស់នេះមិនត្រឹមតែឆ្លុះបញ្ចាំងមនោសញ្ចេតនាដ៏ជ្រៀលជ្រៅរបស់ប្រជារាស្ត្រខ្មែរចំពោះ ព្រះបរមរតនកោដ្ឋ ប៉ុណ្ណោះទេ តែក៏បានបញ្ចាំងពីដំណើរវិវឌ្ឍប្រកបដោយភាពវិជ្ជមានរបស់សង្គមកម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះផងដែរ។
ក្រដាសប្រាក់៣ម៉ឺនរៀលថ្មីនេះបានរំលេចនូវព្រះឆាយាល័ក្ខណ៍ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ នាឱកាសកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងរូបសំខាន់៤ទៀតនៅផ្ទៃខាងក្រោយនៃក្រដាសប្រាក់គឺរូបសម្ដេចសីហនុ “ព្រះបរមរតនកោដ្ឋ” ចាប់ដៃជាមួយសម្ដេចតេជោ លើកឡើងលើ នាឱកាសនៃការយាងនិវត្តន៍មកកាន់មាតុភូមិវិញរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ រូបវិមានឯករាជ្យនៅរាជធានីភ្នំពេញ ប៉មអេហ្វែលនៅទីក្រុងប៉ារីស និងរូបនៃសន្នីសីទនៃការចុះកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ផងដែរ។
សន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បីបញ្ចប់សង្គ្រាមរវាងកម្ពុជានិងវៀតណាម នឹងអនុញ្ញាតឲ្យកងទ័ពអង្គការសហប្រជាជាតិចូលមកថែរក្សាសន្តិសុខ និងសន្តិភាពនៅក្នុងប្រទេស គិតមកដល់ពេលនេះថ្ងៃចុះសន្និសញ្ញាសន្ដិភាពនេះមានអាយុកាល៣០ឆ្នាំហើយ៕