សេចក្ដីថ្លែងការណ៍រួម រវាងក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធ យុវជនកម្ពុជា ស្ដីពីការដាក់ដំណើការជាផ្លូវការកម្មវិធីស្វ័យសិក្សា
ភ្នំពេញ ៖ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា សូមជម្រាបជូន លោកគ្រូ អ្នកគូ សិស្សានុសិស្សចំណេះទូទៅគ្រប់កម្រិត និងសាធារណជនទាំងអស់ ជ្រាបអំពី ការប្រកាសដាក់ឲ្យប្រើជាផ្លូវការកម្មវិធីស្វ័យសិក្សាដែលមានឈ្មោះថា “MoEYS E-Learning” ចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ តទៅ។
គំនិតផ្តួចផ្តើមក្នុងការបង្កើតកម្មវិធីស្វ័យសិក្សា “MoEYS E-Learning” បានកើតឡើងក្នុងគោលបំណង ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ក៏ដូចជាឆ្លើយតបទៅនឹងស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រមទាំងក្រោមកិច្ចសហការរួមគ្នារបស់ ក្រសួងអប់រំ យុវជន និងកីឡា សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមហ៊ុន E-School Cambodia និងការគាំទ្រពី គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ របស់រដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជា។
ដើម្បីទទួលបាន និងអាចប្រើប្រាស់កម្មវិធីស្វ័យសិក្សានេះ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និងសាធារណជន ត្រូវចូលទៅក្នុង App Store, Google Play ឬ AppGallery ដើម្បីទាញយក កម្មវិធីស្វ័យសិក្សា MoEYS E-Learning និងអានសេចក្ដីណែនាំបច្ចេកទេស ដែលមានក្នុងកម្មវិធីស្រាប់។ ស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០១៩ -២០២៣ របស់ក្រសួងអប់រំ យុវជន និងកីឡា៕