អន្តរជាតិ៖ តម្លៃប្រេងលើទីផ្សារអន្តរជាតិបន្តហក់ឡើងថ្លៃខ្លាំងបំផុតក្នុងហាងឆេងប្រចាំឆ្នាំ២០២១នេះ ស្របពេលដែលតម្រូវការប្រេងមានការងើបឡើងវិញក្រោយស្ងប់ស្ងាត់ដោយសារវិបត្តិកូវីដ-១៩ ខណៈឧស្សាហកម្មមួយចំនួនបានងាកមកមានតំរូវការប្រើប្រាស់ប្រេងសាំង និងម៉ាស៊ូត ជំនួសឱ្យឧស្ម័ននិងធ្យូងថ្មដែលមានតំលៃថ្លៃកន្លងមក។
តម្លៃលើទីផ្សារអន្តរជាតិបានបង្ហាញថា តម្លៃប្រេងមានការកើនឡើងចំនួន ០,៨៧សេន ឬឡើងជិត ១ភាគរយ ដែលនាំឱ្យតម្លៃប្រេងលក់ចេញ ៨៥,៧៣ដុល្លារអាមេរិកក្នុងមួយបារ៉ែល នៅថ្ងៃចន្ទ ទី១៨ ខែតុលា ដែលតម្លៃនេះគឺជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីខែតុលា ឆ្នាំ២០១៨មក។ ដោយឡែកចំពោះតម្លៃប្រេងលក់ដោយក្រុមហ៊ុន US West Texas Intermediate (WTI) បានកើនឡើងចំនួន ១,១២ដុល្លារអាមេរិក ឬជាង ១,៤ភាគរយ ដោយតម្លៃលក់ចេញគឺ ៨៣,៤០ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដែលជាតម្លៃខ្ពស់បំផុតលើទីផ្សារចាប់តាំងពីខែតុលា ឆ្នាំ២០១៤។
អ្នកវិភាគអន្តរជាតិបានថ្លែងថា ការបិទបញ្ចប់វិធានការបិទខ្ទប់ ក៏ដូចជាការដំណើរការឡើងវិញនៅសកម្មភាពរស់នៅថ្មីរបស់ពិភពលោក វាជាសញ្ញាណល្អមួយក្នុងការរុញច្រានឡើងវិញនូវទីផ្សារប្រេងឥន្ធនៈ។ ទីផ្សារប្រេងឥន្ធនៈត្រូវបានពុះកញ្ជ្រោលឡើងវិញ ក្រោយដំណឹងនៃការត្រៀមបើកប្រទេសឡើងវិញចាប់ពីខែក្រោយនេះ សម្រាប់ជនបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់ សំរាប់បណ្តាប្រទេសធំៗដូចជាសហរដ្ឋអាមេរិក អូស្រ្តាលី និងបណ្តាប្រទេសមួយចំនួនទៀតនៅអាស៊ី។
ការផ្គត់ផ្គង់ក៏អាចកើនឡើងនៅសហរដ្ឋអាមេរិកផងដែរ ស្របពេលក្រុមហ៊ុននានាកាលពីសប្តាហ៍មុនបានបន្ថែមអណ្តូងប្រេង និងឧស្ម័នធម្មជាតិរយៈពេល ៦ សប្តាហ៍ជាប់ៗគ្នាដោយសារតម្លៃប្រេងឆៅឡើងថ្លៃបានជំរុញឱ្យមានសកម្មភាពអណ្តូងខួងឡើងវិញ។ ក្រុមហ៊ុនសេវាកម្មថាមពល Baker Hughes បាននិយាយកាលពីសប្តាហ៍មុនថា ចំនួនឧបករណ៍ខួងប្រេងនិងឧស្ម័នរបស់អាមេរិក ដែលជាសូចនាករដំបូងនៃទិន្នផលនាពេលអនាគតបានកើនឡើងពី ១០ ដល់ ៥៤៣ ត្រឹមថ្ងៃទី១៥ ខែតុលាដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែមេសា ឆ្នាំ២០២០៕