
ក្រសួងទេសចរណ៍អនុញ្ញាតឱ្យសាលាបណ្ដុះបណ្ដាលជំនាញទេសចរណ៍នៅតំបន់ហានិភ័យទាបនៃជំងឺកូវីដ-១៩ អាចបើកដំណើរការឡើងវិញបាន
ភ្នំពេញ៖ ក្រសួងទេសចរណ៍អនុញ្ញាតឲ្យគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ដែលស្ថិតនៅក្រោមឱវាទក្រសួងអាចបើកដំណើរការឡើងវិញបាន។
ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី១៤ ខែតុលា ក្រសួងទេសចរណ៍បានអនុញ្ញាតឲ្យគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលជំនាញ និងមជ្ឈមណ្ឌលវាយតម្លៃទេសចរណ៍ដែលមានភូមិសាស្ត្រក្នុងរាជធានី-ខេត្ត ដែលមានហានិភ័យទាបនៃការរីករាលដាលជំងឺកូវីដ-១៩ ឲ្យទំនាក់ទំនងមកក្រសួងដើម្បីស្នើសុំការវាយតម្លៃសម្រាប់ទទួលបានការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ។
ទោះជាយ៉ាងណាការបើកនេះ ក្រសួងទេសចរណ៍តម្រូវឲ្យសាលាបណ្ដុះបណ្ដាលនិងមជ្ឈមណ្ឌលវាយតម្លៃទាំងនោះ ត្រូវអនុវត្តតាមវិធានការ និងការណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធ ជាពិសេសត្រូវអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមានៃការបើកគ្រឹះស្ថានរបស់ក្រសួងទេសចរណ៍និងក្រសួងការងារផងដែរ។
ក្នុងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាសម្រាប់ការបើកនៅគ្រឹះស្ថានបណ្ដុះបណ្ដាលអប់រំជំនាញទេសចរណ៍និងបដិសណ្ឋារកិច្ច សាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានតម្រូវឲ្យគ្រឹះស្ថានទាំងអស់ត្រូវមានការអនុវត្តវិធានការអនាម័យបរិស្ថានប្រកបដោយសុវត្ថិភាពនិងផាសុខភាព។ អនុវត្តនូវវិធានការការពារជំងឺកូវីដ-១៩ តាមរយៈការពិនិត្យប័ណ្ណចាក់វ៉ាក់សាំង ការបាញ់អាកុល ពាក់ម៉ាស ឧស្សាហ៍លាងដៃ រក្សាគម្លាត ស្គេនQR code ស្គេនកម្ដៅ អប់រំផ្សព្វផ្សាយអំពីជំងឺកូវីដ-១៩ នៅក្នុងស្ថាប័នសិក្សា កំណត់នឹងតាមដានជាប់ជានិច្ចនូវអាការៈរបស់សិស្សនិស្សិតនិងសាស្ត្រាចារ្យ និងវិធានការត្រៀមមួយចំនួនទៀតនៅពេលមានការរីករាលដាលនៃជំងឺកើតឡើងក្នុងគ្រឹះស្ថានផងដែរ៕