ភ្នំពេញលើកលែងការបង្ហាញបណ្ណចាក់វ៉ាក់សាំងចំពោះកុមារ និងយុវវ័យដែលមានអាយុ១៨ឆ្នាំចុះនៅតាមគ្រឹះស្ថានសិក្សា
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចលើកលែងការលែងការបង្ហាញប័ណ្ណចាក់វ៉ាក់សាំងចំពោះកុមារនិងយុវវ័យដែលមានអាយុ ១៨ឆ្នាំចុះនៅតាមគ្រឹះស្ថានសិក្សាទាំងអស់ក្នុងរាជធានី ដោយថាមនុស្សអាយុក្រោម ១៨ឆ្នាំមិនមែនជាក្រុមហានិភ័យនៃការចម្លងសកម្មនៃជំងឺកូវីដ-១៩ នោះទេ។
ក្នុងសេចក្ដីណែនាំបន្ថែមចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានសម្រេចដកពលរដ្ឋដែលមានអាយុក្រោម ១៨ឆ្នាំចេញពីក្រុមមនុស្សដែលត្រូវមានកាតព្វកិច្ចបង្ហាញប័ណ្ណចាក់វ៉ាក់សាំងនៅពេលដែលចេញ-ចូលនៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនក៏ដូចជាបណ្ណាល័យ បណ្ណាគារ អាហាដ្ឋាន តូបអាហារ និងតូបភេសជ្ជៈ ដែលមានទីតាំងស្ថិតនៅក្នុងគ្រឹះស្ថានសិក្សានីមួយៗក្នុងរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញលើកឡើងថា៖ «តាមរយៈការត្រួតពិនិត្យតាមដាននិងវាយតម្លៃជាប់ជាប្រចាំរដ្ឋបាលរាជធានីភ្នំពេញសង្កេតឃើញថា កុមារនិងយុវវ័យមានអាយុក្រោម ១៨ឆ្នាំមិនមែនជាក្រុមហានិភ័យដែលមានការចម្លងសកម្មប៉ុន្តែគឺជាក្រុមដែលងាយរងគ្រោះពីការចម្លងជំងឺកូវីដ-១៩» ។
បើតាមសាលារាជធានីភ្នំពេញ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា និងភ្ញៀវដែលចេញចូល គ្រឹះស្ថានសិក្សាដើម្បីទំនាក់ទំនងការងារផ្សេងៗគឺត្រូវតែបង្ហាញប័ណ្ណចាក់វ៉ាក់សាំងដដែល ខណៈសាលានីមួយៗត្រូវបង្កើនការយកចិត្តទុកដាក់ទៅលើវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់ដោយ ពាក់ម៉ាស រក្សាគម្លាត លាងដៃ ធ្វើអនាម័យ និងស្កេន QR code ជាដើម ជាពិសេសត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន ឲ្យបានជាប់ជានិច្ច៕