
អាជ្ញាធរខេត្តបាត់ដំបងចុះពិនិត្យកាយទីតាំងមួយចំនួនដើម្បីសម្រួលផ្លូវទឹកនៅតាមដងស្ទឹងសង្កែក្រោយទឹកចាប់ផ្ដើមលិចចូលក្រុង
បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបងបានបញ្ជូនគ្រឿងចក្រកាយផ្លូវទឹកកុំឲ្យមានការកកស្ទះនៅតាមបណ្តោយដងស្ទឹងសង្កែ ខណៈទឹកបានលិចចូលក្រុងនៅព្រឹកនេះ។
អភិបាលរងខេត្តបាត់ដំបងលោក សឿម ប៊ុនរិទ្ធិ បានឲ្យដឹងនៅថ្ងៃទី១៧ ខែតុលានេះថា អាជ្ញាធរខេត្តចុះពិនិត្យស្ថានភាពទឹកជំនន់ ស្ទឹងសង្កែ និងតំបន់ប្រឈមខ្លាំងជាងគេ ដែលស្ថិតនៅក្នុងភូមិសាស្ត្រភូមិសូភី សង្កាត់រតនៈ និងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
រដ្ឋបាលខេត្តបានបញ្ជូនគ្រឿងចក្រកាយដីដើម្បី បើកផ្លូវទឹកកុំឲ្យមានការកកស្ទុះនៅតាមបណ្តោយដងស្ទឹងសង្កែជាមួយគ្នានោះអាជ្ញាធរបានត្រៀមទាំងសម្ភារ:សំរាប់សង្រ្គោះនិងប្រមូលកងកម្លាំងក៏ដូចជាយុវជនស្ម័គ្រចិត្តចូលរួមត្រៀមសង្គ្រោះផងដែរ។
ដោយសារភ្លៀងធ្លាក់នៅផ្នែកខាងលើនៃស្ទឹងសង្កែធ្វើឲ្យជំនន់ទឹកភ្លៀងកើនឡើងយ៉ាងខ្លាំងរយៈពេល២ថ្ងៃនេះធ្វើឲ្យលិចផ្ទះសម្បែងនិងដំណាំរបស់ពលរដ្ឋមួយចំនួនធំ។
កម្ពស់ទឹកក្នុងស្ទឹងនៅពេលនេះឡើងដល់ជាង១៤ម៉ែត្រដែលជាការប្រកាសអាសន្នហើយ នៅតាមភូមិនិងផ្សារមួយចំនួនត្រូវបានទឹកជំនន់ហូរចូលពាសពេញធ្វើឲ្យអាជ្ញាធរអំពាវនាវដល់ពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្រែងមាគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។ ស្រុកដែលលិចខ្លាំងជាងគេក្នុងខេត្តគឺស្រុកសំឡូត ស្រុករតនមណ្ឌល ស្រុកបាណន់ ស្រុកឯកភ្នំ និងក្រុងបាត់ដំបង៕