វិបត្តិនៅមីយ៉ាន់ម៉ា៖ អាស៊ានឲ្យរដ្ឋាភិបាលលោក មីន អ៊ុងឡាំង សម្របសម្រួលទស្សនកិច្ចរបស់ប្រេសិតពិសេសអាស៊ានឲ្យបានជោគជ័យ
ភ្នំពេញ៖ រដ្ឋមន្រី្តការបរទេសអាស៊ាន លើកទឹកចិត្តឲ្យរដ្ឋាភិបាលយោធាលោក មីន អ៊ុងឡាំង សម្របសម្រួលទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ា ក្នុងពេលខាងមុខឲ្យបានផ្លែផ្កា។
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ រដ្ឋមន្រី្តការបរទេសអាស៊ានបានធ្វើការពិភាក្សាលើកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានក្នុងការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ាន ការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦ដល់២៨ ខែតុលា ឆ្នាំ ២០២១។
ក្នុងកិច្ចប្រជុំនោះ រដ្ឋមន្រី្តការបរទេសអាស៊ានបានពិភាក្សាអំពីស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា និងវឌ្ឍនភាពការងាររបស់ប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ក្នុងការអនុវត្តការព្រមព្រៀង ជា ឯក ច្ឆន្ទ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន ក៏ដូចជាលើកទឹកចិត្តឲ្យទីក្រុងណៃពីដោ សម្របសម្រួលទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ា ក្នុងពេលឆាប់ៗខាងមុខ ឲ្យបានប្រកបដោយផ្លែផ្កាផងដែរ។
រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា ហើយបានអំពាវនាវឲ្យប្រកាន់យកនូវជំហានជាក់ស្តែង និងសមស្រប ដើម្បីបង្កលក្ខណៈឲ្យមានកិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងភាគីពាក់ព័ន្ធក្នុងវិបត្តិមីយ៉ាន់ម៉ា។
យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលកាន់អំណាចស្របច្បាប់នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការចាប់ខ្លួនទីប្រឹក្សារដ្ឋគឺលោកស្រីអ៊ុង សានស៊ូជី លោកប្រធានាធិបតីវីន ម្យីន និងមន្ត្រីគណបក្សកាន់អំណាចមួយចំនួនទៀតយកទៅឃុំខ្លួន។ ប៉ុន្មានម៉ោងក្រោយមក កងយោធាមីយ៉ាន់ម៉ាបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេលមួយឆ្នាំហើយប្រគល់អំណាចដឹកនាំប្រទេសទៅឲ្យមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធគឺលោកមីន អ៊ុងឡាំង ជាអ្នកគ្រប់គ្រងដែលធ្វើឲ្យផ្ទុះការតវ៉ាស្ទើពេញប្រទេសរហូតដល់មានការបង្ក្រាបបង្ហូរឈាមទៀតផង៕