BREAKING NEWS: ក្រសួងការបរទេសកម្ពុជាប្រកាសឲ្យបុគ្គលិកបរទេស ព្រមទាំងគ្រួសារ និងបុគ្គលិកខ្មែររបស់អង្គការមិនមែនរដ្ឋាភិបាលបរទេស ទៅចាក់វ៉ាក់សាំងកូវីដ-១៩នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក
(ភ្នំពេញ)៖ ចាប់ពី ថ្ងៃទី ១៣ ដល់ ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២១ បុគ្គលិកបរទេស ព្រមទាំងគ្រួសារ និងបុគ្គលិកខ្មែររបស់អង្គការមិនមែនរដ្ឋាភិបាលបរទេស អាចទៅទទួលការចាក់វ៉ាក់សាំងកូវដី-១៩ បាននៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (អាសយដ្ឋានលេខ ៣១A វិថីបារាំង (47) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដល់ស្នើអង្គការដែលមានឈ្មោះនៅក្នុងឧបសម្ព័ន្ធ ទៅទទួលការចាក់វ៉ាក់សាំងតាមពេលវេលាកំណត់ និងបានបញ្ជាក់ថា ជនបរទេសត្រូវភ្ជាប់ទៅជាមួយនូវលិខិតឆ្លងដែន ប័ណ្ណសម្គាល់ខ្លួន ដែលចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងអាសយដ្ឋានពិតប្រាកដនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ចំពោះជនជាតិខ្មែរ ត្រូវភ្ជាប់មក ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប័ណ្ណសម្គាល់បុគ្គលិកដែលចេញដោយអង្គការសាមី។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងជម្រាបជូនអំពីពេលវេលាធ្វើការចាក់វ៉ាក់ សាំងជាបន្តបន្ទាប់ទៀតនៅពេលក្រោយ ដល់បុគ្គលិកបរទេស ព្រមទាំងគ្រួសារ និងបុគ្គលិកខ្មែររបស់ អង្គការមិនមែនរដ្ឋាភិបាលបរទេស បន្ទាប់ពីទទួលបានការជូនដំណឹងពីក្រសួងសុខាភិបាល៕