ហ្វីលីពីន៖ រដ្ឋាភិបាលហ្វីលីពីន នៅថ្ងៃទី១៤ ខែតុលានេះ បានប្រកាសអនុញ្ញាតឱ្យរោងភាពយន្ត និងអាជីវកម្មក្លិបហាត់ប្រាណទាំងអស់នៅក្នុងរដ្ឋធានីម៉ានីល (Manila) អាចបើកដំណើរការឡើងវិញបាន បន្ទាប់ពីតួលេខនៃការឆ្លងថ្មីវីរុសកូវីដ-១៩មានការធ្លាក់ចុះទាប និងអត្រាអ្នកចាក់វ៉ាក់សាំងរួចរាល់មានការកើនឡើងខ្លាំង។
បំរាម និងវិធានការសុខាភិបាលពាក់ព័ន្ធនឹងវីរុសកូវីដ-១៩ ដែលបានអនុវត្តកន្លងមកត្រូវបានសម្រេចលើកលែងវិញស្ទើរតែទាំងស្រុង ខណៈរដ្ឋាភិបាលបានព្យាយាមឱ្យពលរដ្ឋត្រឡប់មកបំពេញកិច្ចការងារវិញតាមធម្មតា ក្នុងគោលដៅដាស់ឡើងវិញនូវវិស័យសេដ្ឋកិច្ចដែលជាប់គាំង និងប៉ះពាល់ខ្លាំងដោយសារការបិទខ្ទប់ដោយសារវីរុសកូវីដ-១៩កន្លងមក។
លោក Harry Roque ជាអ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ក្នុងសន្និសីទសារព៍ត៌មានមួយថា៖ "កាលៈទេសៈនេះ យើងត្រូវផ្តោតការចិត្តទុកដាក់ក្នុងការរបង្កើតឱកាសការងារឱ្យប្រជាជនឡើងវិញ"។ រោងភាពយន្ត និងក្លិបហាត់ប្រាណត្រូវអនុញ្ញាតឱ្យដំណើរការអាជីវកម្មឡើងវិញ ចាប់ពីថ្ងៃសៅរ៍នេះតទៅសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់។ អាជីវកម្មផ្សេងៗទៀតដែលត្រូវបានអនុញ្ញាតរួមមានភោជនីយដ្ឋាន កន្លែងថែសម្ភស្ស ព្រមទាំងព្រះវិហារជាដើម ត្រូវអនុញ្ញាតឱ្យមានមនុស្សចូលរួមបាន ៣០ភាគរយ ដោយអនុវត្តវិធានការសុខាភិបាលខ្ជាប់ខ្ជួន។
បើតាមទិន្នន័យពីរដ្ឋាភិបាលបានបញ្ជាក់ថា មនុស្សពេញវ័យប្រមាណ ៨០ភាគរយនៃទីក្រុងម៉ានីល បានទទួលវ៉ាក់សាំងកូវីដ-១៩រួចរាល់ ខណៈចំនួនប្រជាជនដែលទទួលបានវ៉ាក់សាំងកូវីដ-១៩សរុបនៅទូទាំងប្រទេសមានត្រឹមជាង ៣០ភាគរយប៉ុណ្ណោះ។ ជាការកត់សម្គាល់អត្រាអ្នកឆ្លងកូវីដ-១៩ ទូទាំងប្រទេសហ្វីលីពីនមាន ២៦,៣០៣នាក់កាលពីថ្ងៃ១១ ខែកញ្ញា ប៉ុន្តែបានធ្លាក់មកនៅត្រឹមជាង ៩,០០០នាក់ប៉ុណ្ណោះក្នុងរយៈពេល ៤ថ្ងៃចុងក្រោយនេះ។ ក្រៅពីនោះ ចំនួនគ្រែសំរាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ បានបន្ថយមកត្រឹម ៦០ភាគរយប៉ុណ្ណោះនៃសមត្ថភាពគ្រែរបស់វិស័យសុខាភិបាល។
ទោះជាយ៉ាងណាក្តី អាជ្ញាធរសុខាភិបាលបានបន្តអំពាវនាវឱ្យប្រជាជនទាំងអស់បន្តពាក់ម៉ាស និងរក្សាគម្លាតសង្គមបន្តទៀត បើទោះបីជាបានចាក់វ៉ាក់សាំងរួចរាល់ក៏ដោយ៕