រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

លោក ចូ បៃដិន អះអាងថាវ៉ាក់សាំងកាតព្វកិច្ចកំពុងអនុវត្ត តែពលរដ្ឋអាមេរិកជាង ៦៦លាននាក់មិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ

អាមេរិក៖ លោកប្រធានាធិបតីអាមរិក ចូ បៃដិន (Joe Biden) បានអះអាងពីភាពជោគជ័យនៃការដាក់បទបញ្ជាជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩នៅសហរដ្ឋអាមេរិក ប៉ុន្តែយ៉ាងណាមិញមេដឹកនាំវ័យ ៧៨ឆ្នាំខាងលើក៏នៅតែជំរុញឱ្យមនុស្សជាង ៦៦លាននាក់ផ្សេងទៀតដែលមានសិទ្ធិ និងលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលវ៉ាក់សាំង ប៉ុន្តែមិនទាន់បានចាក់នៅឡើយ ឱ្យទៅទទួលវ៉ាក់សាំងកូវីដ-១៩គ្រប់ៗគ្នា។ រដ្ឋបាលលោក Joe Biden បានអះអាងបន្ថែមថាទៀតថា ចំនួនអត្រាអ្នកចាក់វ៉ាក់សាំងបានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីមានការដាក់បទបញ្ជាវ៉ាក់សាំងកាតព្វកិច្ច ដែលបានជួយឱ្យអត្រាអ្នកឆ្លងថ្មី និងអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ បន្តថយចុះពីមួយថ្ងៃទៅមួយថ្ងៃ។ 

កាលពីខែកក្កដា លោក Joe Biden បានតំរូវឱ្យមន្រ្តីសហព័ន្ធទាំងអស់ទទួលវ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា និងតំរូវឱ្យមានការធ្វើតេស្តស្វែងរកវីរុសកូវីដ-១៩ជាប្រចាំ។ ក្រោយមកនាខែកញ្ញា លោកបានព្រមានថា មន្រ្តីសហព័ន្ធទាំងអស់ត្រូវតែចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់គ្នា ឬអាចត្រូវបណ្តេញចេញពីការងារតែម្តង​បើមិនព្រមចាក់វ៉ាក់សាំង ខណៈបុគ្គលិកក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅអាមេរិកក៏តំរូវឱ្យទទួលវ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា និងត្រូវធ្វើតេស្តកូវីដ-១៩ផងដែរ។

បើតាមការ Update ព័ត៌មានចុងក្រោយពី Reuter បានបញ្ជាក់ថា ប្រជាជនអាមេរិកប្រមាណ ៦៦,៣ភាគរយបានទទួលវ៉ាក់សាំងដូសទី១រួចរាល់ ក្នុងនោះមានប្រមាណ ៥៧,៣ភាគរយបានទទួលវ៉ាក់សាំងពេញលេញរួចរាល់។ ផ្ទុយពីទិន្នន័យនេះ រដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថា ប្រជាជនដែលមានសិទ្ធិទទួលវ៉ាក់សាំងចំនួន ៧៧ភាគរយបានទទួលវ៉ាក់សាំងដូសទី១ រួចរាល់ហើយ។ 

យ៉ាងណាក្តី ក៏មានការជំទាស់មួយចំនួនជុំវិញកត្តាវ៉ាក់សាំងកាតព្វកិច្ចនេះផងដែរ ពោលគឺរដ្ឋតិចសាស់ដែលឈ្នះឆ្នោតដោយគណបក្សសាធារណរដ្ឋ បានជំទាស់នឹងផែនការនេះជាពិសេសអភិបាលរដ្ឋ លោក Gregg Abbott បានបដិសេធមិនឱ្យក្រុមហ៊ុនទាំងអស់ដាក់កាតព្វកិច្ចតំរូវឱ្យបុគ្គលិករបស់ខ្លួនដាច់ខាតត្រូវតែចាក់វ៉ាក់សាំងឡើយ ពោលគឺការចាក់ឈរលើគោលការស្ម័គ្រចិត្ត។ ជាងនេះទៅទៀត មានក្រុមហ៊ុនមួយចំនួនដែលប្រតិបត្តិការនៅរដ្ឋតិចសាស់មានបញ្ជាក់ថា ពួកគេនឹងមិនអើពើចំពោះលក្ខខណ្ឌវ៉ាក់សាំងដែលដាក់ចេញដោយរដ្ឋាភិបាលឡើយ។

ថ្មីៗនេះ រដ្ឋាភិបាលសហរដ្ឋអាមរិកក៏បានសិក្សាពីគំរោងនៃការផ្តល់វ៉ាក់សាំងចំពោះកុមារដែលមានវ័យចាប់ពី ៥ឆ្នាំ ដល់១១ឆ្នាំផងដែរ ដោយផែនការនេះត្រូវបានគេរំពឹងថានឹងអាចអនុម័តនាចុងឆ្នាំនេះ។ លោក Biden បានប្រាប់ថា សេចក្តីសំរេចនឹងកើតមានឬអត់នឹងត្រូវបញ្ជាក់នាប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ក្នុងនោះផងដែរ លោក Biden បញ្ជាក់ថា ប្រសិនបើអាជ្ញាធរអនុញ្ញាតលើផែនការនេះ រដ្ឋាភិបាលបានត្រៀមជាស្រេចនូវវ៉ាក់សាំងគ្រប់ចំនួនសំរាប់ចាក់ឱ្យកុមារដែលមានវ័យចាប់ពី ៥ឆ្នាំ ដល់ ១១ឆ្នាំនៅសហរដ្ឋអាមេរិក៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក