បារាំង៖ ខ្សែប្រយុទ្ធ Karim Benzema បានថ្លែងនូវភាពរំភើបសប្បាយរីករាយក្រោយឈ្នះពាន UEFA Nations League ជាមួយក្រុមជម្រើសជាតិបារាំង ក្រោយពីខកខានជាប់ជម្រើសជាតិអស់រយៈពេល ៦ឆ្នាំ ហើយកីឡាករវ័យ៣៣ឆ្នាំរូបនេះ ក៏បាននិយាយដល់អារម្មណ៍ផ្ទាល់ខ្លួនជាមួយកីឡាករវ័យក្មេង Kylian Mbappe ផងដែរ។
រៀបរាប់ដំបូង យើងគួរដឹងដែរថាក្លិបអ្នកមានបារាំង Paris Saint-Germain ធ្លាប់បានបដិសេធសំណើរ ១៦០លានអឺរ៉ូរបស់ Real Madrid រួចមកហើយកាលពីពេលថ្មីៗនេះ បន្ទាប់ពីក្លិបអេស្ប៉ាញមួយនេះបានព្យាយាមចរចាលើការទិញយកខ្សែប្រយុទ្ធបារាំង Mbappe។ មិនត្រឹមតែសំណើរ ១៦០លានអឺរ៉ូនេះឡើយ បើតាមសារព័ត៌មានកីឡាអឺរ៉ុប និងអេស្ប៉ាញក៏បានបន្ថែមថា Real Madrid ព្យាយាមតំឡើងទឹកប្រាក់ចរចារហូតដល់ ១៨០លានអឺរ៉ូឯណោះ តែចុងក្រោយនៅតែត្រូវបាន PSG ច្រានចោលសំណើរដដែល។
យ៉ាងណាក្តី PSG ក៏ប្រឈមនឹងហានិភ័យនៃការបាត់បង់កីឡាករខាងលើនេះដោយគ្មានតំលៃខ្លួននៅឆ្នាំក្រោយផងដែរ ពោលគឺ Mbappe កំពុងមានកិច្ចសន្យារដូវកាលចុងក្រោយជាមួយ PSG ទៅហើយ ដែលមានន័យថាអតីតខ្សែប្រយុទ្ធក្លិប Monaco រូបនេះអាចចរចាជាមួយក្លិបណាមួយក៏បាននៅខែមករា ឆ្នាំ២០២២នេះ រាប់ទាំង Real Madrid ផងដែរ ហើយអាចចូលរួមជាមួយក្លិបថ្មីនាខែមិថុនាខាងមុខ ប្រសិនបើ PSG មិនបានចរចា ឬបន្តកិច្ចសន្យាថ្មីជាមួយកីឡាករវ័យ២២ឆ្នាំរូបនេះបានសំរេច។
ក្រោយស៊ុតបញ្ចូលទីម្នាក់មួយគ្រាប់ជាមួយ Mbappe ជួយឱ្យបារាំងគ្រងជើងឯក UEFA Nation League ថ្មីៗនេះ Benzema បាននិយាយថា៖ "ពិតណាស់! ខ្ញុំធ្លាប់បាននិយាយរួចហើយ តែខ្ញុំនៅតែនិយាយដដែលថា ខ្ញុំពិតជាចង់លេងជាមួយ Mbappe (ក្នុងក្លិបអាជីព) រួមគ្នានៅថ្ងៃណាមួយខាងមុខ"។ Benzema បាននិយាយថា គេពិតជារីករាយណាស់ដែលបានលេងរួមគ្នានៅក្រុមជម្រើសជាតិបារាំង ហើយគេពិតជាចង់លេងជាមួយគ្នានៅក្លិប Real Madrid ប៉ុន្តែកីឡាកររូបនេះបាននិយាយថា បច្ចុប្បន្នយើងមិនអាចនិយាយអ្វីបានឡើយ ដោយគេក៏ត្រូវបង្ហាញការគោរពចំពោះ PSGផងដែរ។
រំឮកពាក់ព័ន្ធជាមួយ Benzema វិញ កីឡាកររូបនេះបានបាត់ខ្លួនពីក្រុមជម្រើសជាតិបារាំងតាំងពីឆ្នាំ២០១៥មកម្ល៉េះ ក្រោយពីមានរឿងអាស្រូវក្តីក្តាំរហូតតតាំងគ្នាដល់តុលាការ។ ក្រោយមក គេត្រូវបានលោក Deschamp កោះហៅចូលរួមជាមួយក្រុមជម្រើសជាតិឡើងវិញ និងស៊ុតបញ្ចូលទីបាន ៦គ្រាប់ មុននឹងធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយដោយស្វីស៕