បន្ទាយមានជ័យ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វ៉ាន់ឌីន ជំរុញដល់ពលរដ្ឋឱ្យបង្កើតទម្លាប់រក្សាគម្លាត់ ដើម្បីបញ្ជៀសនូវការចម្លងមេរោគកូវីដ-១៩ និងរៀនរស់នៅតាមបរិបទថ្មី។
ថ្លែងក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ជូនពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងនៅក្នុងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៤ ខែតុលានេះ លោកស្រី ឱ វណ្ណឌីន បានលើកឡើងថាតាមការអង្កេតរបស់លោកស្រីឃើញថាពលរដ្ឋអនុវត្តបានល្អនូវការពាក់ម៉ាស តែអ្វីដែលជាការខ្វះចន្លោះនោះគឺការរក្សាគំលាតគ្នាដែលត្រូវធ្វើឱ្យបានដើម្បីបញ្ចប់នូវការចម្លងមេរោគកូវីដ-១៩ និងរស់នៅក្នុងបរិបទថ្មី។
ជាទូទៅការរក្សាគម្លាតត្រូវធ្វើក្នុងប្រវែង១ម៉ែត្រកន្លះដើម្បីកាត់បន្ថយនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្រៅពីជំរុញដល់ពលរដ្ឋឱ្យបង្កើតឥរិយាបថរក្សាគម្លាត លោកស្រី ឱ វណ្ណឌីន ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តវិធានការសុខាភិបាលឲ្យបានល្អបន្តទៀត ពិសេសអនុវត្តវិធានការរាជរដ្ឋាភិបាលតាមរយៈ "៣ការពារ ៣កុំ" ត្រូវផ្លាស់ប្តូរនូវឥរិយាបថនិងរបៀបរបបនៃការរស់នៅជាមួយកូវីដ-១៩ ពិសេសកុំទៅកន្លែងដែលបិទជិត កាត់បន្ថយការជួបជុំផ្សេងៗដែលការជួបជុំវាជាហានីភ័យពីការចម្លងពីវិរុសកូវីដ-១៩។
នៅថ្ងៃទី១៤ ខែតុលានេះកម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២៦៨ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២៤ករណី ខណៈអ្នកជំងឺ ៣៥៩នាក់បានជាសះស្បើយ និងស្លាប់ថ្មីចំនួន ២៥នាក់។
គិតត្រឹមថ្ងៃទី១៤ ខែតុលានេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៥,៨៧៥នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៥៨៤នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១០៩,៦៥៥នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,២៨៥ករណី៕