
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចេញសារាចរណែនាំស្ដីពីការធ្វើវិចារណកម្មនិងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២១
ភ្នំពេញ : អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ បានចេញសារាចរណែនាំស្ដីពីការធ្វើវិចារណកម្មនិងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២១។
ក្នុងសារាចរណ៍ណែនានេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ក្នុងបរិយាការណ៍នៃការផ្ទុះរីករាលដាលនូវជំងឺកូវីដ-១៩ ជាពិសេសក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ ដែលឈានទៅអនុវត្តវិធានការបិទខ្ទប់នៅទីតាំងភូមិសាស្ត្រមួយចំនួនកំពុងធ្វើឱ្យមានផលប៉ះពាល់ដល់ក្របខណ្ឌច្បាប់ថវិកាឆ្នាំ ២០២១។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នបានបន្ធែមទៀថា ជាទូទៅតម្រូវឱ្យរាជរដ្ឋាភិបាលត្រូវធ្វើវិចារណកម្មចំណាយថវិកាឡើងវិញក្នុងបុព្វហេតុសន្សំធនធាន ដើម្បីបង្វែរថវិកាមកដោះស្រាយបញ្ហាជាអាទិភាពនាពេលបច្ចុប្បន្នក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងទប់ទល់ផលប៉ះពាល់អវិជ្ជមានមកលើសង្គម-សេដ្ឋកិច្ច។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើការណែនាំដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលកណ្ដាល, គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពជាក្រុមប្រឹក្សា អាជ្ញាធរ និងគណៈកម្មាធិការ របស់រាជរដ្ឋាភិបាលនូវវិធានការសម្រាប់អនុវតតការធ្វើវិចារណកម្ម និងពង្រឹងប្រសិទ្ធភាពចំណាយថវិកាឆ្នាំ២០២១ ចំពោះការធ្វើវិចារណកម្មចំណាយថវិកាថ្នាក់ជាតិ និងការជំរុញនិងពង្រឹងប្រសិទ្ធភាពចំណាយ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងបន្តទៀតថា ការធ្វើវិចារណកម្មនិងការពង្រឹងប្រសិទ្ធភាពចំណាយដែលបានដាក់ចេញខាងលើ ត្រូវបានគិតគូររៀបចំឡើងក្នុងក្របខណ្ឌនៃការធានាប្រក្រតីភាពនៃស្ថាប័នរដ្ឋ និងរក្សាលំនឹងជីវភាពប្រជាជនទន្ទឹមនឹងការសន្សំធនធានថវិកាដើម្បីបង្វែរទៅបំពេញឱ្យសេចក្តីត្រូវការចាំបាច់ និងបន្ទាន់របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ពិសេសក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នៅទីតាំងភូមិសាស្ត្រមួយចំនួន ដើម្បីបង្កើនសុវត្ថិភាព និងដោះស្រាយជីវភាពជូនប្រជាពលរដ្ឋគ្រប់រូបជាពិសេសគ្រួសារក្រីក្រនិងជនងាយរងគ្រោះ៕