ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានព្រឹទ្ធសភាអរគុណចិនដែលបានធ្វើជា «ខ្នងបង្អែក» ដ៏រឹងមាំរបស់កម្ពុជា

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអរគុណដល់ប្រទេសចិនដែលជាធ្វើជាខ្នងបង្អែកដ៏រឹងមាំរបស់កម្ពុជាក្នុងការជួយគាំទ្រកម្ពុជាលើគ្រប់វិស័យទាំងសេដ្ឋកិច្ច ការអភិវឌ្ឍន៍ និងការប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩។

ក្នុងឱកាសជួបពិភាក្សាការងារតាមប្រព័ន្ធ Zoom នៅព្រឹកថ្ងៃទី១២ ខែតុលា ម្សិលមិញជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន លោក WANG YANG ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានថ្លែងថាការមិនបោះបង់គ្នាចោលរវាងកម្ពុជា-ចិន ក្នុងអំឡុងមេរោគរាតត្បាតសកលកូវីដ-១៩ បានបង្ហាញនូវស្មារតីសាមគ្គីភាព មិត្តភាព រួមសុខរួមទុក្ខជាមួយគ្នារវាងប្រទេសទាំងពីរ។

តាំងនាមឱ្យប្រជាជនខ្មែរទាំងមូល សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានអរគុណចំពោះជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិនដែលបានផ្ដល់មកដល់កម្ពុជា ដោយសម្ដេចថាជំនួយទាំងនេះមិនត្រឹមតែជួយដល់ការរីកចំរើនរបស់កម្ពុជានោះទេ ថែមទាំងបានពង្រឹងភាពជាម្ចាស់ និងពង្រឹងនូវឯករាជ្យភាពរបស់កម្ពុជាផងដែរ។

ទីភ្នាក់ងារសារព័ត៌មានជាតិ AKP បានដកស្រង់ប្រសាសន៍របស់សម្ដេចវិបុលសេនាមកចុះផ្សាយថា៖ «ក្នុងនាមប្រជាជនកម្ពុជា និងក្នុងនាមព្រឹទ្ធសភា សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានធ្វើជា “ខ្នងបង្អែក” ដ៏រឹងមាំបំផុត និងជួយសម្រួលដល់កាលៈទេសៈលំបាករបស់កម្ពុជាទាន់ពេលវេលា ដោយបានផ្ដល់ជំនួយប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩»។

ក្នុងជំនួបនោះប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន លោក WANG YANG បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន វាបានក្លាយជា«មិត្តភាពដែកថែប»ទៅហើយ ជាមិត្តរួមសុខទុក្ខជាមួយគ្នា ហើយបញ្ហាកូវីដ-១៩ កាន់តែធ្វើឱ្យប្រទេសទាំងពីរជិតស្និតថែមទៀត។ លោកបន្ថែមថា សាធារណរដ្ឋប្រជាមានិតចិននឹងបន្តគាំទ្រកម្ពុជាលើគ្រប់វិស័យ ការថែរក្សាឯករាជ្យភាព អធិបតេយ្យភាពជាតិ ការប្រយុទ្ធប្រឆាំងនឹងវិបតិ្តកូវីដ-១៩ ព្រមទាំងបន្តគាំទ្រកម្ពុជានៅលើឆាកអន្តរជាតិ។

លោកបន្ថែមថាប្រទេសចិននឹងបន្តផ្ដល់វ៉ាក់សាំង និងសម្ភារបរិក្ខារពេទ្យដល់ប្រទេសកម្ពុជា រហូតដល់កម្ពុជាយកឈ្នះការរាតត្បាតជំងឺកូវីដ-១៩ទាំងស្រុង និងជួយពង្រឹងសេដ្ឋកិច្ចកម្ពុជាឱ្យឆាប់លូតលាស់ឡើងវិញផងដែរ។

AKP បានដកស្រង់មកចុះផ្សាយថា៖ «ប្រទេសកម្ពុជា និងចិន ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ បានឆ្លងកាត់ការសាកល្បងរហូតដល់ក្លាយជាមិត្តដែកថែប។ ប្រទេសចិនសូមអរគុណប្រទេសកម្ពុជា ដែលតែងតែគាំទ្រប្រទេសចិន។ ប្រទេសចិនសូមគាំទ្រប្រទេសកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំ ASEM13 និងធ្វើជាម្ចាស់ផ្ទះអាស៊ាននៅក្នុងឆ្នាំ២០២២នាពេលខាងមុខ។ ប្រទេសចិននឹងបន្តផ្លាស់ប្តូរបទពិសោធន៍ អភិបាលកិច្ចល្អជាមួយប្រទេសកម្ពុជា ចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍរបស់ចិន នវានុវត្តន៍ ការសម្របសម្រួលសេដ្ឋកិច្ចបៃតង និងឈ្នះឈ្នះទាំងអស់គ្នា» ។

ចំណងទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានបង្កើតឡើងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៩៥៨ ក្រោមការដឹកនាំរបស់សម្ដេចព្រះនរោត្តម សីហនុ ជាមួយប្រធានបក្សកុំម្មុយនីស្តចិនលោក ម៉ៅ សេទុង មានអាយុកាលប្រមាណ៦៣ឆ្នាំហើយបើគិតមកដល់ពេលនេះ។ ថ្វីត្បិតតែទំនាក់ទំនងនេះដូចជារកាំរកូសបន្តិចនៅឆ្នាំ១៩៧៩ តែដោយសារភាពស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមកប្រទេសទាំងពីរបានរឹតចំណងកាន់តែស្អិតរមួលរហូតប្រកាសថាជាមិត្តដែកថែបដូចសព្វថ្ងៃ។

ក្នុងរាជសាររបស់ព្រះមហាក្សត្រកម្ពុជាក្នុងឱកាសនៃខួបអនុស្សាវរីយ៍លើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានបញ្ជាក់ថាកម្ពុជានឹងនៅតែប្រកៀកស្មាជាមួយចិន និងជំរុញកសាងអនាគតរួមគ្នាមួយជាមួយប្រទេសចិនផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក