ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ កំណត់អនុលោមតាមអភិក្រម «ផ្ការីក» សំដៅបង្កើតឱ្យបានភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១
(ភ្នំពេញ)៖ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នៅខែឧសភានេះបានសម្រេចដាក់ឱ្យប្រើប្រាស់នូវ «ផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សំដៅបង្កើតឱ្យបានភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១» គឺជាសមាសភាគគន្លឹះដ៏ចម្បងដែលចូលរួមបមើ ឲ្យគោលបំណងនៃ «ការបង្កើតភាពសុំសហគមន៍ទៅនឹងជំងឺកូវីដ-១៩ នៅក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា។
គោលដៅនៃផែនការយុទ្ធសាស្ត្រនេះគឺ «បង្កើតភាពស៊ាំសង្គម-សេដ្ឋកិច្ច តាមរយៈការចាក់ វ៉ាក់សាំងបង្កើតភាពស៊ាំសហគមន៍នៅក្នុងតំបន់អាទិភាពខ្ពស់ រួមមាន រាជធានី និង ទីរួមខេត្ត ព្រមទាំង តំបន់ទីប្រជុំជនសំខាន់ៗ ដែលមានប្រជាពលរដ្ឋច្រើនកុះករ ធ្វើការ និង រស់នៅ និងដែលមានសារៈ សំខាន់ខ្ពស់ខាងសង្គម-សេដ្ឋកិច្ច សំដៅរួមចំណែកគ្រប់គ្រងឲ្យបាននូវការឆ្លងរាលដាលជំងឺកូវីដ-១៩, បញ្ចៀសការបិទខ្ទប់ក្នុងទ្រង់ទ្រាយធំនាពេលអនាគត និង ធានាជារួមនូវនិរន្តរភាពនៃកិច្ចដំណើរការ ជីវភាពសង្គម-សេដ្ឋកិច្ចជាតិ» ។
ដើម្បីសម្រេចគោលដៅខាងលើ ការអនុវត្តផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងនេះ នឹងត្រូវបានអនុវត្តអនុលោមតាមអភិក្រម «ផ្ការីក» ដោយចាប់ផ្ដើមពីយុទ្ធនាការចាក់វ៉ាក់សាំងពី ចំណុចកណ្តាលនៃប្រទេស គឺផ្តើមចេញពីរាជធានីភ្នំពេញ និង តំបន់ទីប្រជុំជនសំខាន់ៗជុំវិញរាជធានី ហើយពង្រីកជាជំហានៗទៅកាន់តំបន់ផ្សេងទៀត តាមលំដាប់លំដោយនៃការធ្វើអាទិភាវូបនីយកម្ម។ កម្ពុជានឹងត្រូវបានបែងចែកជា ៣ តំបន់ គឺតំបន់អាទិភាពខ្ពស់តំបន់អាទិភាពមធ្យម និង តំបន់អាទិភាពទាប។ អនុលោមតាមអភិក្រម «ផ្ការីក» យុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងតំបន់អាទិភាពខ្ពស់ ត្រូវត បញ្ចប់ឱ្យបាននៅក្នុងឆ្នាំ ២០២១កាន់តែឆាប់កាន់តែប្រសើរ។
ការកំណត់តំបន់អាទិភាពនៃការចាក់វ៉ាក់សាំង , ដូចបង្ហាញក្នុងរូបភាពទី ២ ខាងក្រោម, ប្រើប្រាស់នូវសូចនាករគន្លឹះចំនួន ៣ជាមូលដ្ឋាន ដែលក្នុងនោះរួមមាន ៖
ដង់ស៊ីតេប្រជាជន : ជាមូលដ្ឋានដំបូងក្នុងការកំណត់ជាតំបន់អាទិភាព ពីព្រោះ ក្រុង/ស្រុក/ខណ្ឌ ដែលមានមនុស្សរស់នៅកកកុញងាយនឹងឆ្លងជំងឺ និង ក៏ជាកន្លែងដែលមានសកម្មភាពសេដ្ឋកិច្ច ខ្ពស់ផងដែរ ។ ក្រុង/ស្រុក/ខណ្ឌ ដែលមានដង់ស៊ីតេប្រជាជនយ៉ាងហោចណាស់ ៣០០ នាក់ ក្នុងមួយគីឡូម៉ែត្រក្រឡា ត្រូវបានចាត់ទុកជាតំបន់អាទិភាពខ្ពស់, ពី ៣០០-១០០ នាក់ក្នុង មួយគីឡូម៉ែត្រក្រឡា ជាតំបន់អាទិភាពមធ្យម និង ក្រោម ១០០ នាក់ ក្នុងមួយគីឡូម៉ែត្រក្រឡា ជាតំបន់អាទិភាពទាប ។
ភាគរយនៃចំនួនប្រជាជនប្រកបរបរមិនមែនកសិកម្ម: ប្រជាជនមានមុខរបរក្រៅពីកសិកម្មមានសកម្មភាពច្រើន, ធ្វើដំណើរច្រើន និង ចេញចូលទៅ ក្រុង/ស្រុក/ខណ្ឌ ដទៃច្រើនដែរ ។ ម៉្យាងវិញទៀត, តំបន់ដែលមានប្រជាជនប្រភេទនេះច្រើន ក៏មានសកម្មភាពមានតម្លៃបន្ថែម និង មាន ផលិតភាពខ្ពស់ផងដែរ ក្រុង/ស្រុក/ខណ្ឌ ដែលមានភាគរយប្រជាជនប្រកបរបរមិនមែន កសិកម្ម លើសពី ៥០% ត្រូវបានចាត់ជាតំបន់អាទិភាពខ្ពស់, ពី ៥០%-២៥% ត្រូវបានចាត់ជា តំបន់អាទិភាពមធ្យម និង ទាបជាង ២៥% ត្រូវបានចាត់ជាតំបន់អាទិភាពទាប ។
សន្ទស្សន៍សក្តានុពលសេដ្ឋកិច្ច : សន្ទស្សន៍នេះ គឺជាបន្សំនៃសូចនាករប្រាំ រួមមាន រយៈពេលធ្វើ ដំណើរទៅទីផ្សារ , ដង់ស៊ីតេផ្លូវ , ចំនួនក្រុមហ៊ុន, ភាគរយនៃប្រជាជនរស់នៅទីប្រជុំជន, និងអត្រា បញ្ចប់ការសិក្សា ។ សន្ទស្សន៍នេះ ត្រូវបានចែកជាប្រាំក្រុម គឺ ខ្ពស់បំផុត (១០០-៦០), ខ្ពស់ (៦០-៥៥), មធ្យម (៥៥-៤៥), ទាប (៤៥-៤០) និង ទាបបំផុត (៤០-00)៕