នាយករដ្ឋមន្ត្រីអំពាវនាវឱ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ចូលរួមគ្នាកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋ ក្រសួងពាក់ព័ន្ធ និងវិស័យឯកជនទាំងអស់ចូលរួមជាមួយគ្នាក្នុងការកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយតាមរយៈការបង្កើនការយល់ដឹង និងពង្រឹងវិធានការត្រៀមសង្គ្រោះឱ្យមានប្រសិទ្ធភាព។
ក្នុងសារលិខិតទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចតេជោ បានជំរុញដល់វិស័យឯកជន អង្គការមនុស្សធម៌ ទាំងអស់ធ្វើការសហការជាមួយរដ្ឋាភិបាលក្នុងការជួយដល់ពលរដ្ឋដែលរងនូវការលំបាកពីគ្រោះមហន្តរាយ បង្កើនការយល់ដឹងដល់ពលរដ្ឋតាមមធ្យោបាយផ្សេងៗក្នុងការបង្ហាញនូវព័ត៌មាន និងបញ្ជ្រៀបពីវិធានការការពារ ទប់ស្កាត់ សុខភាពអនាម័យដល់ពលរដ្ឋ។ ខណៈស្ថាប័នរដ្ឋត្រូវពង្រឹងនូវយន្តការគ្រប់គ្រងគ្រោះមហន្តរាយ និងជួយសង្គ្រោះឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។
សម្ដេចតេជោ បន្ថែមថា៖ «ជារួមការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងារអន្តរវិស័យនិងមានលក្ខណៈប្រទាក់ក្រឡាដែលតម្រូវឱ្យមានការចូលរួមពីប្រជាជនយើងម្នាក់ៗ គ្រួសារ សហគមន៍ ក្រសួងស្ថាប័ន ផ្នែកឯកជន សង្គមស៊ីវិល សំដៅកាត់បន្ថយហានិភ័យដែលមានស្រាប់ត្រៀមបង្ការហានិភ័យថ្មី ដើម្បីបញ្ចៀសគ្រោះមហន្តរាយ» ។
ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកដល់ពលរដ្ឋឱ្យអនុវត្តន៍វិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួននិងទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់គ្នាផងដែរ។
សម្ដេចតេជោ បានលើកឡើងថា៖ «ទោះបីជាបងប្អូនជនរួមជាតិបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយក៏ដោយក៏ត្រូវបន្តរក្សានិងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និងវិធានការសុខាភិបាល “៣ការពារ ៣កុំ” ឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយបើមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ សូមមេត្តាអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាតាមការណែនាំ និងតាមទីកន្លែងដែលបានកំណត់ដោយរដ្ឋបាលរាជធានី ខេត្ត ដើម្បីបង្កើតភាពសាំជៀសផុតពីគ្រោះមហន្តរាយនៃជំងឺរាតត្បាតកាចសាហាវនេះ» ។
កម្ពុជាប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ ក្រោមប្រធានបទ “បង្កើនការត្រៀមបង្ការហានិភ័យគ្រោះមហន្តរាយ ដើម្បីភូមិ ឃុំមានសុវត្ថិភាព និងភាពធន់” ក្នុងអត្ថន័យបំផុសស្មារតីលើកកម្ពស់ការត្រៀមបង្ការទប់ទល់ទៅនឹង ព្រឹត្តិការណ៍អាក្រក់នានា៕