
នាយករដ្ឋមន្រ្តីអបអរសាទរនិងឧបត្ថម្ភប្រាក់១០ម៉ឺនដុល្លារដល់ក្រុមកីឡាករជម្រើសជាតិដែលបានយកឈ្នះកីឡាករកោះហ្គាំ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរដល់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិដែលបានយកឈ្នះក្រុមកីឡាករកោះហ្គាំរបស់អាមេរិកនិងឧបត្ថម្ភដល់ក្រុមកីឡាករជម្រើសជាតិចំនួន១០ម៉ឺនដុល្លារជាការលើកទឹកចិត្ត។
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាកាលពីយប់មិញបានយកឈ្នះកីឡាករកោះហ្គាំក្នុងលទ្ធផល ២ ទល់នឹង១ នៅកីឡដ្ឋាន Khalifa Sport City ដែលធ្វើឱ្យកម្ពុជាឡើងទៅប្រកួតវគ្គបន្តក្នុងការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ជើងឯកទ្វីបអាស៊ីឆ្នាំ ២០២៣។
ក្រោយការប្រកាសលទ្ធផលការប្រកួត សម្ដេចតេជោ ហ៊ុន សែន បានសរសេរក្នុងហ្វេសបុកផេករបស់សម្ដេចថា៖ «ខ្ញុំសូមអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនៈលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន និងសូមឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ដែលឈ្នះលើការប្រកួតនេះចំនួន១០០,០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ដើម្បីជាការលើកទឹកចិត្ត ហើយថវិកានេះសូមទទួលពី ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ខ្ញុំសូមកោតសរសើរចំពោះលោក Honda ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានជោគជ័យនេះ» ។
ក្រោយពីប្រកួតឈ្នះក្រុមកីឡាករកោះហ្គាំ ក្រុមកីឡាករកម្ពុជានឹងត្រូវឡើងទៅវគ្គបន្ទាប់រង់ចាំចែកប៉ូលប្រកួត។
ការប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ីឆ្នាំ២០២៣ គឺជាការប្រកួតលើកទី១៨ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ីដែលជាការប្រកួតបាល់ទាត់បុរសលំដាប់អន្តរជាតិប្រចាំទ្វីបអាស៊ីដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ។ ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១៦ ខែមិថុនាដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣៕