អេស្ប៉ាញ៖ ស្របពេលភាពជាដៃគូឧបត្ថម្ភធំរវាងក្លិបបាល់ទាត់ FC Barcelona និងក្រុមហ៊ុន Rakuten បានឈានដល់កិច្ចសន្យារដូវកាលចុងក្រោយ អនុប្រធានក្លិបទទួលបន្ទុកផ្នែកសេដ្ឋកិច្ច លោក Eduard Romeu កំពុងដាក់គោលដៅសម្លឹងមើលការចរចាស្វែងរកម្ចាស់ឧបត្ថម្ភថ្មី។ បើតាមប្រភពពីសារព័ត៌មានអេស្ប៉ាញបានឱ្យដឹងថា ក្លិបនៅតំបន់កាតាឡាន់មួយនេះកំពុងស្វែងរកដៃគូឧបត្ថម្ភធំសម្រាប់រដូវកាលថ្មីខាងមុខ ក្នុងកញ្ចប់តម្លៃមួយចាប់ពី ៥៥លានអឺរ៉ូក្នុងមួយឆ្នាំឡើងទៅ។
ស្របពេលក្លិបម្ចាស់ជើងឯកលីគអេស្ប៉ាញ ២៦សម័យកាលនេះកំពុងជួបវិបត្តិហិរញ្ញវត្ថុ ក្លិបបាននិងកំពុងស្វះស្វែងលើកិច្ចការងារពាក់ព័ន្ធនឹង Sponsor នេះ ខណៈដែលក្លិបបាល់ទាត់ធំៗស្ទើរទាំងអស់ តែងតែចាត់ទុកទីតាំងម្ចាស់ឧបត្ថម្ភធំលើអាវប្រកួត គឺជាកូនសោរយ៉ាងសំខាន់ក្នុងការទាញបានម្ចាស់ឧបត្ថម្ភ និងប្រាក់ចំណូលសម្រាប់ការផ្គត់ផ្គង់ចំណាយរបស់ក្លិប។
កាលពីថ្ងៃអាទិត្យកន្លងទៅ បណ្តាម្ចាស់ភាគហ៊ុននៃក្លិប Barcelona កំពុងពិភាក្សាលើការសំរេចចំពោះគម្រោងនៃការកែលម្អកីឡដ្ឋាន Camp Nou ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ១,៥ពាន់លានអឺរ៉ូ ខណៈក្រុមហ៊ុនវិនិយោគ Goldman Sachs បានអនុម័តរួចរាល់លើគំរោងនេះ ដោយរង់ចាំតែការសំរេចចុងក្រោយពីក្រុមប្រឹក្សាភិបាលនៃក្លិបប៉ុណ្ណោះ។
គួររំឮកផងដែរថា ក្រៅពីម្ចាស់ឧបត្ថម្ភធំ Rakuten ជាមួយ Barcelona ឈានមកដល់រដូវកាលចុងក្រោយ ក្រុមហ៊ុនអាកាសចរណ៍ Fly Emirate ដែលជាក្រុមហ៊ុនឧបត្ថម្ភធំរបស់ Real Madrid ក៏ឈានដល់រដូវកាលចុងក្រោយនៃកិច្ចសន្យាផងដែរ។ កន្លងមក Barcelona ទទួលបានកញ្ចប់ថវិកា ៣២៤លានដុល្លារ ក្នុងកិច្ចសន្យាឧបត្ថម្ភ ៥រដូវកាលជាមួយ Rakuten ខណៈ Real Madrid ទទួលបាន ៤១៣លានអឺរ៉ូ ក្នុងកិច្ចសន្យា ៥ឆ្នាំជាមួយ Fly Emirate។ ថ្មីៗនេះ បិសាចក្រហម Manchester United ដែលទើបបញ្ចប់ភាពជាដៃគូជាមួយក្រុមហ៊ុន Chevrolet បានប្រកាសកិច្ចសន្យាថ្មីជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស TeamViewer ក្នុងតម្លៃ ៣២៥លានដុល្លារ ដែលមានសុពលភាពដល់រដូវកាល ២០២៥/២០២៦៕