អន្តរជាតិ៖ ឧុទ្ទកាល័យប្រធានាធិបតីហ្វីលីពីន នៅថ្ងៃទី១១ ខែតុលាម្សិលមិញ បានបង្ហាញនូវការអបអរសាទរចំពោះលោកស្រី Maria Ressa ជាអ្នកសារព័ត៌មានហ្វីលីពីន ដែលទើបទទួលបាននូវពានរង្វាន់ណូបែលសន្តិភាព (Nobel Peace Prize) ដែលហាក់ជាមោទនភាព និងភាពរំភើបមួយសម្រាប់ប្រជាជនហ្វីលីពីន ដែលឧុទ្ទកាល័យប្រធានាធិបតីបានហៅពានរង្វាន់នេះថា “ជោគជ័យសម្រាប់ប្រជាជាតិហ្វីលីពីន”។
លោកស្រី Ressa ជាស្ថាបនិកនៃសារព័ត៌មាន Rappler និងលោក Dmitry Muratov ជាអ្នកសារព័ត៌មានរុស្សីបានឈ្នះពានណូបែលសន្តិភាពនេះរួមគ្នាក្នុងឆ្នាំ២០២១ ក្រោយពីបានស្រាវជ្រាវ និងបើកកកាយនូវរឿងរ៉ាវពុករលួយក្នុងជួររដ្ឋាភិបាលរុស្សី និងរដ្ឋាភិបាលហ្វីលីពីន។
កន្លងមក លោកស្រី Ressa ធ្លាប់បានតតាំងលើការចោទប្រកាន់ផ្លូវច្បាប់ជាច្រើនតាមនីតិវិធីតុលាការ ក្នុងនាមជាស្ថាបនិកនៃសារព័ត៌មាន Rappler ជុំវិញរបាយការណ៍នៃការស៊ើបអង្កេត និងសេចក្តីរាយការណ៍លើបញ្ហានានាពាក់ព័ន្ធការបង្ហូរឈាមក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ព្រមទាំងការប្រើប្រាស់បណ្តាញសង្គមក្នុងការធ្វើទុក្ខបុកម្នេញលើក្រុមប្រឆាំងរដ្ឋាភិបាល។
កន្លងមក សារព័ត៌មាន The Rappler ដែលបង្កើតឡើងនៅឆ្នាំ២០១២ និងត្រូវបានរដ្ឋាភិបាលចាត់ទុកជាមណ្ឌលចែកចាយព័ត៌មានមិនពិត និងចោទប្រកាន់ថាជាភ្នាក់ងារនៃចារកម្មរបស់សហរដ្ឋអាមេរិក តែជានិច្ចកាលលោកស្រី Ressa តែងតែបដិសេធ និងច្រានចោល ព្រមទាំងអះអាងថាលោកស្រីពុំមានជាប់ពាក់ព័ន្ធនឹងក្រុមណាមួយឡើយ ក្រៅតែពីជាសារព័ត៌មានឯករាជ្យ។
គួរបញ្ជាក់ថា នេះគឺជាពានរង្វាន់ណូបែលសន្តិភាពដំបូងបង្អស់ដែលឈ្នះដោយជនជាតិហ្វីលីពីន ខណៈលោកស្រី Maria Ressa និងលោក Dmitry Muratov ជាអ្នកសារព័ត៌មានដែលឈ្នះពាននេះតាំងពីឆ្នាំ១៩៣៥ រាប់ចាប់តាំងពីអ្នកសារព័ត៌មានអាល្លឺម៉ង់ លោក Carl Von Ossietzky។ វិមានក្រឹមឡាំងរបស់រុស្សី ក៏បានកោតសរសើរលោក Dmitry Muratov ថាជាអ្នកសារព័ត៌មានប្រកបដោយសមត្ថភាព និងភាពក្លាហាន៕