អឺរ៉ុប៖ ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានក្លាយជាប្រទេសដំបូងគេបង្អស់ដែលកក់កៅអី World Cup ឆ្នាំ២០២២ នៅប្រទេសកាតាជាផ្លូវការ ក្រោយពីបំបាក់ក្រុមជម្រើសជាតិម៉ាសេដ្វានខាងជើងក្នុងលទ្ធផល ៤-០ នាវគ្គជម្រុះ World Cup ទ្វីបអឺរ៉ុប ពូល J យប់មិញនេះ។
គ្រាប់បាល់ស៊ុតបញ្ចូលទី ២គ្រាប់របស់ Timo Werner និងម្នាក់មួយគ្រាប់ពីកីឡាករ Kai Havertz និង Jamal Musiala បានធានាជ័យជម្នះ ៥ប្រកួតជាប់ៗគ្នា ក្រោយការមកដល់របស់អតីតអ្នកចាត់ការក្លិប Bayern Munich, លោក Hansi Flick។ ជ័យជម្នះនេះមានន័យថា អាល្លឺម៉ង់ស្ថិតនៅកំពូលតារាងពូល J មាន២១ពិន្ទុ ដាច់ក្រុមលេខ ២ រ៉ូម៉ានី ៨ពិន្ទុ ខណៈការប្រកួតក្នុងពូលនៅសល់ត្រឹម ២ប្រកួតទៀតប៉ុណ្ណោះ។ គួរបញ្ជាក់ថា រាល់ក្រុមដែលបញ្ចប់នៅចំណាត់ថ្នាក់កំពូលតារាងវគ្គជម្រុះ នឹងទទួលបានកៅអីស្វ័យប្រវត្តិឆ្ពោះទៅកាន់ការប្រកួតជើងឯកពិភពលោកនៅកាតា ដែលគ្រោងធ្វើឡើងនាខែធ្នូ ឆ្នាំ២០២២។
គួររំលឹកបន្ថែមថា ក្រុមរហស្សនាមឥន្រ្ទីដែកអាល្លឺម៉ង់ ធ្វើមិនបានល្អឡើយក្នុងការប្រកួតព្រឹត្តិការណ៍ ២ធំៗចុងក្រោយ ពោលគឺធ្លាក់ត្រឹមវគ្គចែកពូលនៅ World Cup ២០១៨ រុស្សី ខណៈបារាំងជាជើងឯក និងព្រឹត្តិការណ៍ EURO 2020 ធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ខណៈអ៊ីតាលីជាជើងឯក។
ការប្រកួតជម្រុះបង្គ្រប់កិច្ចចុងក្រោយរបស់អាល្លឺម៉ង់ គឹនឹងត្រូវទទួលស្វាគមន៍ឡិចសាញស្តាញ នៅថ្ងៃទី១២ ខែវិច្ឆិកា មុននឹងបញ្ចប់វគ្គជម្រុះដោយធ្វើដំណើរទៅទឹកដីអាមេនី នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ៕