អ៊ីរ៉ាក់៖ ការរាប់សន្លឹកឆ្នោតកំពុងតែបន្តដំណើរការនៅក្នុងប្រទេសអ៉ីរ៉ាក់ ក្រោយពីអត្រាអ្នកចូលរួមបោះឆ្នោតទាបបំផុតមិនធ្លាប់មានក្នុងការបោះឆ្នោតសមាជិកសភា ដែលហាក់បានឆ្លុះបញ្ចាំងពីការបាត់បង់ទំនុករបស់ប្រជាជនអ៉ីរ៉ាក់ ចំពោះបញ្ហាប្រជាធិបតេយ្យ ការបែងចែកវណ្ណៈនយោបាយក្នុងប្រទេស។
ការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យបានបង្ហាញថាអត្រាអ្នកចូលរួមបោះឆ្នោតមានត្រឹមប្រមាណ ៤១ភាគរយប៉ុណ្ណោះនៃប្រជាជនដែលមានសិទ្ធបោះឆ្នោត ខណៈតួលេខទាបបំផុតមានត្រឹម ៣១ភាគរយ ទៅ៣៤ភាគរយនៅរដ្ឋធានី បាដាដ។ នេះបើយោងតាមរបាយការណ៍ពីគណៈកម្មការរៀបចំការបោះឆ្នោតជាតិ។
ដោយឡែក បើតាមភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលបានអង្កេតផ្ទាល់ពីដំណើរការបោះឆ្នោតនៅទីក្រុងបាកដាដបានបញ្ជាក់ថា តួលេខពិតប្រាកដនៃអ្នកចេញទៅបោះឆ្នោតមានមិនលើសពី ២៥ភាគរយផង ខណៈលទ្ធផលរំពឹងថានឹងត្រូវប្រកាសនៅថ្ងៃអង្គារនេះ។
ការបោះឆ្នោតកាលពីថ្ងៃអាទិត្យត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការតវ៉ាទ្រង់ទ្រាយធំនៅឆ្នាំ ២០១៩ ដែលទាមទារឱ្យមានដំណោះស្រាយលើវិបត្តិអ្នកគ្មានការងារធ្វើក្នុងប្រទេស ការទាមទារឱ្យដកគណបក្សកាន់អំណាច និងស្នើឱ្យមានការរៀបចំប្រព័ន្ធនយោបាយឡើងវិញ។ កងកម្លាំងសន្តិសុខនិងកងជីវពលបានសម្លាប់បាតុកររាប់រយនាក់នៅក្នុងការបង្ក្រាបដ៏ឃោរឃៅទៅលើភាពចលាចលនេះ។
អ៉ីរ៉ាក់បានរៀបចំការបោះឆ្នោតសភាចំនួន ៥លើកមកហើយ រាប់ចាប់តាំងពីការដាក់កងទ័ពរបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០០៣ ដែលបានផ្តួលរំលំមេដឹកនាំផ្តាច់ការលោក សាដាម ហ៊ូសេន ក៏ប៉ុន្តែប្រជាជនអ៉ីរ៉ាក់ភាគច្រើនបានអះអាងថា ជីវភាពរស់នៅ និងស្ថានភាពទូទៅគ្មានអ្វីប្រសើរឡើងឡើយ៕