ក្រសួងយុត្តិធម៌ដាស់តឿនមន្ត្រីឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ បន្ទាប់ពីរកឃើញមន្ត្រី៥នាក់ឆ្លងជំងឺនេះ
ភ្នំពេញ៖ ក្រសួងយុត្តិធម៌បានក្រើនរំលឹកឲ្យមន្ត្រីបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ បន្ទាប់ពីរកឃើញមន្ត្រី៥ នាក់បានឆ្លងជំងឺនេះបន្ទាប់ពីពិធីបុណ្យភ្ជុំ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១១ ខែតុលា ក្រសួងយុត្តិធម៌បានឲ្យដឹងថាបន្ទាប់ពីថ្ងៃសម្រាកបុណ្យភ្ជុំបិណ្ឌកន្លងទៅ ក្រសួងបានធ្វើតេស្តរកជំងឺកូវីដ-១៩ ទៅលើមន្ត្រីចំនួន ៤៦៤នាក់។ ជាលទ្ធផលរកឃើញមន្ត្រី ៥នាក់មានផ្ទុកជំងឺ។
ក្រសួងបានបន្ថែមថា៖ «ក្រសួងយុត្តិធម៌សូមធ្វើការដាស់តឿន និងក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការចម្លង និងការឆ្លងនៃមេរោគកូវីដ-១៩ ដោយ ត្រូវប្រកាន់ខ្ជាប់នូវវិធានការគន្លឹះ "៣កុំ ៣ការពារ” ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធ និង ទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩» ។
បើតាមក្រសួងយុត្តិធម៌ បច្ចុប្បន្នមន្ត្រីទាំង៥នាក់ ត្រូវបានអនុញ្ញាតឲ្យធ្វើការព្យាបាលនៅផ្ទះរៀងៗខ្លួនស្របតាមនីតិវិធីប្រតិបត្តិស្តង់ដារសុខាភិបាល នៅតាមផ្ទះ ខណៈអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងអ្នកដែលមានវិជ្ជមានមេរោគកូវីដ-១៩ ខាងលើត្រូវបានតម្រូវឱ្យធ្វើចត្តាឡីស័ក និងអនុវត្តវិធានការសុវត្ថិភាពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕