
សម្ដេចក្រឡាហោម ស ខេង ឱ្យអាជ្ញាធរពង្រឹងការគ្រប់គ្រងខ្សែបន្ទាត់ព្រំដែននិងរកទីផ្សារជូនប្រជាពលរដ្ឋ
បាត់ដំបង៖ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាដល់កម្លាំងនគរបាលព្រំដែន និងអាជ្ញាធរដែនដីក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀតពង្រឹងការគ្រប់គ្រងខ្សែបន្ទាត់ព្រំដែន និងបង្កលក្ខណសម្បត្តិដើម្បីរកទីផ្សារជូនប្រជាពលរដ្ឋ។
ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាដល់កម្លាំងនគរបាលព្រំដែននិងអាជ្ញាធរដែនដីក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធពង្រឹងការគ្រប់គ្រងខ្សែបន្ទាត់ព្រំដែននិងត្រូវខិតខំលើកទឹកចិត្តអោយមានការផ្លាស់ប្ដូរទំនិញឆ្លងព្រំដែនតាមរយៈសម្របសម្រួលការដឹកជញ្ជូនផលិតផលនានាទៅលក់នៅថៃ ឬទំនិញនានាពីថៃមកកម្ពុជាអោយបានច្រើនដើម្បីជួយដល់សេដុ្ឋកិច្ចពលរដ្ឋ។
ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ស ខេង ក៏ជំរុញឱ្យយកចិត្តទុកដាក់ធ្វើយ៉ាងណាបំរើប្រជាពលរដ្ឋដោយដាក់សេវារដ្ឋបាលឱ្យកៀកប្រជាជន និងត្រូវខិតខំដើម្បីផ្តល់សេវាសាធារណៈនេះអោយបានល្អប្រសើរ។
ការលើកឡើងរបស់សម្ដេចក្រឡាហោមនាពេលនេះ ក្នុងពេលដែលផ្លាស់ប្ដូរអភិបាលខេត្តបាត់ដំបងថ្មី គឺលោក សុខ លូ ដែលត្រូវផ្ទេរពីអភិបាលខេត្តកំពង់ធំ មកកាន់ជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសលោក ងួន រតនៈ ដែលត្រូវផ្ទេរទៅជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំវិញ៕