រដ្ឋមន្ត្រីក្រសួងព័ត៌មាន កោតសរសើរចំពោះប្រព័ន្ធផ្សព្វផ្សាយជាតិដែលបានផ្សាយជូនសាធារណជនក្នុងថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កញារីទ្ធ ថ្លែងកោតសរសើរដល់ប្រព័ន្ធផ្សព្វផ្សាយជាតិដែលបានផ្សាយព័ត៌មាន និងព្រឹត្តិការណ៍នានាដែលកើតមានក្នុងប្រទេសក្នុងពេលឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ។
ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ថ្នាក់ដឹកនាំក្រសួងព័ត៌មាននៅព្រឹកនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កញារីទ្ធ បានកោតសរសើរដល់អគ្គនាយកទាំង៥ចំណុះក្រសួង ជាពិសេសអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មាន AKP ដែលបានប្រឹងប្រែងផលិតកម្មវិធី និងផ្សាយព័ត៌មាន ថ្មីៗទាន់ហេតុការណ៍ ជូនដល់សាធារណជនបានជ្រាប ក្នុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ។
ថ្ងៃសម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១ ធ្វើឡើងពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៧ ខែតុលា។ មានព្រឹត្តិការណ៍ធំៗជាច្រើនបានកើតឡើងក្នុងពិធីបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃនេះ គឺប្រសាសន៏ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន លើការចូលរួមបង្ការ ការពារ ទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ របាយការណ៍ដើរលេងកំសាន្តរបស់ប្រជាពលរដ្ឋ ជាពិសេសការឆ្លើយបំភ្លឺរបស់កម្ពុជាទៅនឹងសារព័ត៌មានបរទេស The Guardian និង The Washington Post ដែលផ្សាយខុសពីការពិតចោទប្រកាន់សម្តេចតេជោថាមានលិខិតឆ្លងដែននៃសាធារណរដ្ឋCyprus។
បន្ថែមលើពីនោះ ព្រឹត្តិការណ៍ចុងក្រោយក្នុងថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយជាតិផ្សព្វផ្សាយនោះ គឺគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធនានា ដើម្បីកំណត់ឲ្យឥស្សរជនដែលកាន់មុខតំណែងជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមាន «សញ្ជាតិខ្មែរតែមួយគត់» ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋ៕