សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញដែលតម្រូវឱ្យថ្នាក់ដឹកនាំកំពូលមាន«សញ្ជាតិខ្មែរតែមួយ»ត្រូវបានក្រុមប្រឹក្សាធម្មនុញប្រកាសថាអាចធ្វើបាន
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាការស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញតម្រូវឱ្យថ្នាក់ដឹកនាំកំពូលដូចជាប្រធានព្រឹទ្ធិសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានសញ្ញាតិខ្មែរតែមួយគឺអាចធ្វើទៅបាន។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសថា បន្ទាប់ពីបើកកិច្ចប្រជុំពេញអង្គ ពិភាក្សាលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញតាមព្រះរាជសាររបស់អង្គព្រះមហាក្សត្រថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ចំពោះសេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា១៩ថ្មី ៨២ថ្មី ១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
ក្រោយពីប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសថា សេចក្ដីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញនេះគឺអាចធ្វើទៅបាន ដោយថាស្របតាមបរិបទនៃសភាពការណ៍ជាក់ស្ដែង និងពុំមានអ្វីប៉ះពាល់ដល់ ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយម ព្រមទាំងធ្វើឡើងក្នុងពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន។
កាលពីថ្ងៃទី៨ ខែតុលា គណៈរដ្ឋមន្ត្រីបានពិនិត្យអនុម័តនូវសេចក្ដីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន ៦មាត្រា តម្រូវឱ្យថ្នាក់ដឹកនាំកំពូលដូចជាប្រធានព្រឹទ្ធិសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមាន «សញ្ញាតិខ្មែរតែមួយ» សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ក៏ដូចជាដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ជៀសនូវការជ្រៀតជ្រែកពីបរទេស៕