អន្តរជាតិ៖ ភាគីសហរដ្ឋអាមេរិក នៅថ្ងៃទី១០ ខែតុលាម្សិលមិញនេះបាននិយាយនៅក្រោយជំនួបផ្លូវការផ្ទាល់ទល់មុខគ្នាជាមួយក្រុមតាលីបង់ថា ជំនួបពិភាក្សារវាងភាគីទាំងពីរគឺប្រកបដោយភាពស្មោះត្រង់ និងវិជ្ជាជីវៈរៀងខ្លួន។ គួរបញ្ជាក់ថា ក្រុមមន្រ្តីជាន់ខ្ពស់នៃសហរដ្ឋអាមេរិក និងក្រុមតាលីបង់ដែលកំពុងកាន់កាប់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានជួបពិភាក្សាផ្ទាល់នាទីក្រុងដូហា ប្រទេសកាតា ដែលនេះជាជំនួបផ្លូវការលើកទី១ ក្រោយពីការដកទ័ពរបស់សហរដ្ឋអាមេរិក និងក្រោយការចូលកាន់កាប់រដ្ឋាភិបាលពីសំណាក់ក្រុមសកម្មប្រយុទ្ធនេះ។ ក្នុងនោះផងដែរ ភាគីសហរដ្ឋអាមេរិកបានដាស់តឿន និងរំលឹកទៅកាន់រដ្ឋាភិបាលតាលីបង់ថា សកម្មភាព និងការដឹកនាំផ្ទាល់របស់រដ្ឋាភិបាលនឹងជាអ្វីដែលគេយកមកវិនិច្ឆ័យ មិនមែនត្រឹមតែសំដី និងការសន្យាមួយមុខឡើយ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបានបញ្ជាក់ថា គណៈប្រតិភូអាមេរិកនៅក្នុងកិច្ចចរចានៅទីក្រុងដូហា ប្រទេសកាតាចុងសប្តាហ៍នេះ នឹងផ្តោតសំខាន់ទៅលើបញ្ហាកត្តាសន្តិសុខ បញ្ហាគ្រប់គ្រងភេរវកម្ម និងការធ្វើដំណើរប្រកបដោយសុវត្ថិភាពសម្រាប់ពលរដ្ឋអាមេរិក ជនបរទេសនិងជនជាតិអាហ្វហ្គានីស្ថានដទៃទៀត។ មិនត្រឹមតែប៉ុណ្ណោះសហរដ្ឋអាមេរិក ក៏៏បានជជែកទៅលើបញ្ហានៃការគ្រប់គ្រងសិទ្ធិមនុស្ស ជាពិសេសទៅលើការផ្តល់អាទិភាពសំខាន់ដល់ស្រ្តី និងយុវតីក្នុងការចូលរួមសកម្មភាពនានាក្នុងសង្គម។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសស្តីទីអាហ្វហ្គានីស្ថានបានប្រាប់ទៅកាន់សារព័ត៌មានថា តំណាងភាគីតាលីបង់បានស្នើសុំសហរដ្ឋអាមេរិកក្នុងកិច្ចពិភាក្សានោះ ដើម្បីលុបចោលបំរាមបំរុងទុករបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថាន។ ដោយឡែក មន្រ្តីនៃរដ្ឋបាលរបស់លោក ចូ បៃដិន បានថ្លែងប្រាប់សារព័ត៌មាន Reuter កាលពីថ្ងៃសុក្រកន្លងទៅដែរថា គណៈប្រតិភូអាមេរិកនឹងដាក់សម្ពាធក្រុមតាលីបង់ដើម្បីដោះលែងពលរដ្ឋអាមេរិកម្នាក់គឺលោក Mark Frerichs ដែលកំពុងស្ថិតក្នុងការចាប់ជំរិត។
បញ្ហាជាអាទិភាពមួយទៀតនៃកិច្ចពិភាក្សានេះ ក៏ផ្តោតសំខាន់ទៅលើការប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ក្រុមតាលីបង់ ដែលដាច់ខាតមិនអនុញ្ញាតឱ្យប្រទេសអាហ្វហ្គានីស្ថានក្លាយជាចំណុចស្នូល ឬជាទីជំរករបស់ក្រុមភេរវកម្មអាល់កៃដា ឬបណ្តាពពួកជ្រុលនិយមផ្សេងទៀតសម្រាប់ធ្វើសកម្មភាពប្រតិបត្តិការរបស់ខ្លួនឡើយ។ គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធតាលីបង់បានដឹកនាំ និងកាន់កាប់រដ្ឋាភិបាលអាហ្វហ្គានីស្ថានសាជាថ្មីម្តងទៀត ក្រោយត្រូវបានផ្តួលរំលំដោយកងទ័ពសហរដ្ឋអាមេរិកនៅឆ្នាំ២០០១ ក្នុងគោលបំណងកម្ទេចមេខ្លោងភេរវកម្ម Osama bin Laden ដែលបានវាយប្រហារទ្រង់ទ្រាយធំនៅសហរដ្ឋអាមេរិក៕